(កំពង់ធំ)៖ ក្នុងនាមតំណាងលោក ថោង ខុន, លោកនី ផល្លី អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកបារាយណ៍ និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំត្នោតជុំ នៃស្រុកបារាយណ៍ បានជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សនៅស្រុកបារាយណ៍ចូលរួមចលនា «សិស្សម្នាក់ ជាទូតសុឆន្ទៈមួយរូបនៃយុទ្ធនាការ៣កុំ៣ការពារ» នៅក្នុងសាលារៀន ក្នុងគ្រួសារ និងក្នុងសង្គមរបស់ខ្លួន។

ការជំរុញបែបនេះធ្វើឡើងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងពេលលោក នី ផល្លី ចុះត្រួតពិនិត្យអនុវិទ្យាល័យត្នោតជុំ ដែលត្រៀមបើកឡើងវិញនាថ្ងៃចន្ទ ទី២០ ស្អែកនេះ និងដាក់ផែនការបន្ថែមលើការគ្រប់គ្រងអនុវត្តវិធានសុខាភិបាល។

នាឱកាសនោះ លោក នី ផល្លី ក៏បាននាំយកអំណោយជាបរិក្ខារពេទ្យ និងសម្ភារសិក្សាប្រគល់ដល់អនុវិទ្យាល័យត្នោតជុំ គ្រូបង្រៀន សិស្សានុសិស្ស និងប្រគេនវត្តទាំងប្រាំក្នុងឃុំត្នោតជុំនូវទឹកសម្លាប់មេរោគម៉ាក Ebiodis ចំណុះ ៣០លីត្រ ចំនួន ១៧កាន Ebiodis ស្រ្ពេរចំណុះ ៥០០មីលីលីត្រ ចំនួន ៧២ដប និង Ebiodis ស្រ្ពេរចំណុះ ១០០ មីលីលីត្រ ចំនួន ៩៦ដប, ម៉ាស៉ីនស្ពាយបាញ់ទឹកសម្លាប់មេរោគចំណុះ ១០លីត្រ ចំនួន ១គ្រឿង, ម៉ាស៉ីនលាងដៃអូតូលើតុចំនួន ១១គ្រឿង ព្រមទាំងសៀវភៅសរសេរចំនួន ៦១០ក្បាលផងដែរ។

លោក នី ផល្លី បានចាត់តាំងប្រធានយុវជនបក្សឃុំ និងបណ្តាភូមិទាំង ៩ ទទួលបន្ទុកការងារបាញ់សម្លាប់មេរោគនៅតាមសាលារៀន វត្តអារាម ពិសេសនាពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងកន្លែងផ្សេងៗទៀត ជាប្រចាំដើម្បីកាត់បន្ថយហានិភ័យឆ្លងជំងឺកូវីដ-១៩ ក៏ដូចជំងឺកាចសាហាវផ្សេងៗទៀតក្នុងភូមិសាស្រ្តឃុំត្នោតជុំទាំងមូល ដោយលោកនឹងបន្តគាំទ្រឧបត្ថម្ភជាបន្តបន្ទាប់។

លោក នី ផល្លី បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាពិតជាមានសំណាង និងមានមោទនភាពណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលមានភាពវៃឆ្លាត មានយុទ្ធសាស្រ្ត និងវិធានការចំពោះមុខរហ័សទាន់សភាពការណ៍ ក្នុងការធ្វើសង្រ្គាមប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលបាននិងកំពុងយាយីជុំវិញពិភពលោក។

លោក នី ផល្លី បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់អនុវិទ្យាល័យត្នោតជុំអនុវត្តវិធានសុខាភិបាលឱ្យបានតឹងរឹង ដើម្បីក្លាយជាសាលាគំរូមួយក្នុងខេត្តកំពង់ធំ ក៏ដូចក្នុងប្រទេស ព្រមទាំងជំរុញឱ្យសិស្សានុសិស្សពង្រីកសមត្ថភាពរបស់ខ្លួន «សិស្សម្នាក់ ជាទូតសុឆន្ទៈមួយរូបនៃយុទ្ធនាការ ៣-កុំ ៣-ការពារ» នៅក្នុងសាលារៀន ក្នុងគ្រួសារ និងក្នុងសង្គមទាំងមូល៕