(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងសហការីពីលេខាធិការដ្ឋានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ និងប្រគល់ផ្ទះជូនចាស់ជរា ជាមួយនឹងការផ្តល់អំណោយជូនប្រជាពលរដ្ឋអ្នកខ្វះខាតនៅ ស្រុកព្រៃឈរ និងស្រុកកងមាស ខេត្តកំពង់ចាម។

អំណោយដែលយកទៅប្រគល់ជូនរួមមាន សម្រាប់ភូមិព្រែកខ្ជាយ ក្នុងស្រុកព្រៃឈរ រួមមាន កញ្ចប់អាហារ សម្រាប់៧០ គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ១៥គីឡូ, ត្រីខ ១យួរ, ប្រេងឆា ១លីត្រ, ស្កសរ ២គីឡូ, អំបិល ២គីឡូ។ ក្នុងនោះក៏បាន ប្រគល់ថវិកាសាងសង់ផ្ទះចាស់ជរាពិការភាពតម្លៃ ១,៤៥០ដុល្លារ និងរៀបចំអាហារសាមគ្គីផងដែរ។

ចំណែកនៅឯភូមិអង្គរបានទី១ ស្រុកកងមាស បានចែកអំណោយកញ្ចប់អាហារ ៦០គ្រួសារ ក្នុង១គ្រួសារ មាន៖ អង្ករ១៥គីឡូ, ត្រីខ១យួរ, ប្រេង១លីត្រ, ស្កសរ២គីឡូ, អំបិល ២គីឡូ។ ជាមួយគ្នានេះ ក៏បានប្រគល់ថវិកាធ្វើរបងផ្នូរដល់គណៈកម្មការភូមិចំនួន១០០០ដុល្លារ ប្រគល់ថវិកាដល់យុវជន សម្ព័ន្ធយុវជនមុស្លិមកម្ពុជាស្រុក និងទិញសម្ភារៈនេសាទ ៣០០ដុល្លារ និងថវិកាឧបត្ថម្ភចាស់ចាស់ជរា២០០ដុល្លារ។

ក្នុងនាមគណៈចលនាសាសនិកឥស្លាម លោកក៏បានលើកឡើងថា អំណោយទាំងនេះជាការចូលរួមចំណែកក្នុងការ ដោះស្រាយទុក្ខលំបាក និងកង្វល់របស់បងប្អូន ពីគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូន។

លោក រ៉ូហ្វី អូស្មាន បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវឲ្យម្ចាស់ការ និងប្រាកដថាខ្លួនពិតជាមានឈ្មោះពិតប្រាកដ ត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រៀមពិនិត្យ ឬចុះឈ្មោះជាថ្មីសម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត ឬអ្នកដែលទើបផ្លាស់ប្តូរទីលំនៅ ដែលពេលវេលានឹងចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕