(កណ្ដាល)៖ ពលរដ្ឋខ្មែរឥស្លាមចំនួន២៥គ្រួសារ រស់នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលរកស៊ីសំឡេះពពែជាលក្ខណៈគ្រួសារតូចតាច កើតការតូចចិត្តដោយសារតែមន្ត្រីពេទ្យសត្វខេត្តកណ្ដាល បានធ្វើការចាប់រឹបអូស និងដាក់ការគៀបសង្កត់ មកលើពលរដ្ឋឲ្យចូលក្នុងទីសត្តឃាតដោយបង់ជាថវិកា ហើយគំរាមកំហែងផ្លូវច្បាប់ផ្សេងៗ មកលើពួកគាត់ជាហូរហែរ។

នេះបើតាមការលើកឡើងពីលោក ម៉ាត់ ហ៊ីម និងលោកស្រី កូប សាចារ៉ោះ តំណាងពលរដ្ឋទាំង២៥គ្រួសារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

ប្រជាពលរដ្ឋបានអះអាងថា ដើមឡើយពួកគាត់រកស៊ីខាងសំឡេះសត្វពពែនេះ ជាលក្ខណៈគ្រួសារតូចតាចប៉ុណ្ណោះ ទៅតាមការកុម្ម៉ង់ចង់បានរបស់អតិថិជន ដោយថ្ងៃខ្លះបានសំឡេះ ថ្ងៃខ្លះគ្មានការកុម្មង់ទាល់តែសោះក៏មានដែរ មិនមែនសំឡេះរាល់ថ្ងៃឡើយ។ ប៉ុន្តែស្រាប់តែមួយរយៈចុងក្រោយ ក៏ស្រាប់តែលោក អុល ដូរិន ប្រធានពេទ្យសត្វខេត្តកណ្តាល បានបង្ខំពួកគាត់ឲ្យយកសត្វពពែទាំងនោះទៅសំឡេះ នៅទីសត្តឃាត ដែលទើបនឹងស្ថាបនាឡើង ដោយគៀបសង្កត់ យកក្នុងតម្លៃ១ម៉ឺនរៀលក្នុង១ក្បាល។ ប៉ុន្តែដោយសារតម្លៃខ្ពស់ពេក ក៏ចរចាដំបូងគេបញ្ចុះឲ្យសល់៩ពាន់រៀល ប៉ុន្តែពលរដ្ឋបានស្នើសុំតែ៤ពាន់រៀលប៉ុណ្ណោះ បូកបន្ថែមលើថ្លៃអុសផងដែរ។

ប្រជាពលរដ្ឋបន្ថែមទៀតថា ពួកគាត់កើតទុក្ខមិនសុខចិត្ត និងខឹងសម្បាយ៉ាងខ្លាំងទៅលើលោក អុល ដូរិន ព្រោះលោកបានគម្រាមកំហែង សំឡុត ចោទប្រកាន់ពលរដ្ឋថា ប្រព្រឹត្តិល្មើស (លួច) និងបានចុះចាប់សាច់ពពែពួកគាត់ទាំងយប់ ខណ:ការចរចាកំពុងធ្វើឡើង ដែលជាហេតុធ្វើពលរដ្ឋការខឹងសម្បារ និងបង្កជាជំលោះកើតឡើង ។

តំណាងប្រជាពលរដ្ឋគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយលើចំណុចដូចខាងក្រោម៖

១៖ លុបបំបាត់ការគៀបសង្កត់ឲ្យពួកគាត់ចូលកុងស៊ី (ទីសត្តឃាត) សម្រាប់ពួកគាត់ដែលរកស៊ីតូចតាច
២៖ បើសិនជាពិតជាតម្រូវឲ្យចូលកុងស៊ីពិតមែន គឺស្នើសុំក្នុងតម្លៃ៤ពាន់រៀលក្នុងមួយក្បាល ព្រោះកូវីដ១៩ ការកុម្មង់សាច់ពពែមិនមានច្រើនឡើយ
៣៖ ស្នើសុំលោកអភិបាលខេត្តកណ្ដាល និងលោករដ្ឋមន្ត្រី មេត្តាពិនិត្យមើលឥរិយាបថរបស់លោក អុល ដូរិន ឡើងវិញ ដែលបង្កឲ្យប៉ះពាល់សតិអារម្មណ៍យ៉ាងខ្លាំង ខណៈពលរដ្ឋខ្មែរឥស្លាមនៅទីនេះគាំទ្រ និងបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា១០០%។

ដោយឡែក លោក សាន់ ធី ម្ចាស់ទីសត្តឃាត បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាលថា លោកនឹងយល់ព្រមតាមការស្នើសុំរបស់ពលរដ្ឋចំនួន៤ពាន់រៀលក្នុងមួយក្បាល រយៈពេល២ខែ ហើយបើសិនជាស្ថានភាពកូវីដ១៩ នៅតែប៉ះពាល់ដល់ជីវភាពពលរដ្ឋ លោកអាចនឹងពិចារណាក្នុងការពន្យារពេលទៀតផងដែរ។

លោក ថន សុវណ្ណា អភិបាលស្រុកពញ្ញាឮ និងលោក ប៊ុនតួន ស៊ីម៉ូណាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកណ្ដាល ក្នុងការចុះសម្របសម្រួលបញ្ហានេះនាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅឯទីតាំងសត្តឃាតខាងលើបានបញ្ជាក់ថា រឿងរ៉ាវនេះ សូមលើកយកទៅដោះស្រាយគ្នា នៅឯសាលាស្រុកពញ្ញាឮ នៅថ្ងៃចន្ទដើមសប្ដាហ៍ខាងមុខ។

លោក អុល ដូរិន ប្រធានបសុពេទ្យខេត្តកណ្ដាលបានអះអាងថា លោកមិនអាចធ្វើតាមការចង់បានពីភាគីខាងណានោះទេ ពោល គឺបើសិនលោកអនុវត្តន៍បែបម្ខាង ម្ខាងទៀតនឹងចោទលោកថា ត្រូវរ៉ូវខាងគេ ដូច្នេះលោកមិនអាចធ្វើតាមការចង់បាន ពីភាគីខាងណាបានឡើយ ហើយលោកក៏សប្បាយចិត្តណាស់ដែរ ដែលបានលោកអភិបាលស្រុកពញ្ញាឮ លូកដៃសម្របសម្រួលក្នុងរឿងនេះ៕