(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំដោះស្រាយជាកញ្ចប់ ទាំងក្របខណ្ឌគោលនយោបាយច្បាប់ និងលខិតបទដ្ឋាននានា ពាក់ព័ន្ធករណីប្រជាពលរដ្ឋសម្លាប់ពពែ នៅតាមផ្ទះរបស់ពួកគាត់។

បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះធ្វើឡើង បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហោះវីដេអូមន្ត្រីពេទ្យសត្វខេត្តកណ្តាល ចាប់សាច់ពពែរបស់ប្រជាពលរដ្ឋដែលសម្លាប់រួច ដែលបង្កឲ្យមានការជិះគន់យ៉ាងខ្លាំង។

សម្តេចតេជោ ហ៊ុន សែន បានសរសេរ Comments ក្នុង Facebook របស់យ៉ាងដូច្នេះថា «សូមឯកឧត្តម [រដ្ឋមន្ត្រីកសិកម្ម] ដឹកនាំការប្រជុំ ដើម្បីរកដំណោះស្រាយជាកញ្ចប់ ដោយត្រូវពិនិត្យមើលក្របខណ្ឌគោលនយោបាយច្បាប់ និងលខិតបទដ្ឋាននានា ដែលចាំបាច់ត្រូវកែសម្រួល ដើម្បីឲ្យស្របជាមួយសភាពការណ៍ និងផល់ប្រយោជន៍ប្រជាជន»

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ដំណាក់ការដែលយើងកំពុងស្ថិតនៅ គឺជាដំណាក់ការកសិ-ពាណិជ្ជកម្ម ដែលកសិករយើងមិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារប៉ុណ្ណោះទេ តែក៏ដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។ ក្នុងពេលជាមួយគ្នាក៏ត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ ជំងឺឆ្លងដែលចេញពីសត្វ ដែលធ្វើចរាចរក្នុងទីផ្សារ បញ្ហាអានាម័យ។ល។ ខ្ញុំសុំអរគុណបងប្អូនដែលចូលមកផ្តល់យោបល់ ដែលក្លាយជាធាតុចូលសម្រាប់ការកែលម្អលើរឿងនេះ»

ករណីចាប់សាច់ពពែ ដែលប្រជាពលរដ្ឋសម្លាប់រួចនេ ត្រូវបានរកឃើញថា កើតឡើងនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល៕