(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ស្ថាបនិកសមាគមនិធីវ៉ាយ អិល ភី អម នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសមាគមមូលនិធិសម្រាប់ប្រជាពលរដ្ឋមានជីវភាពលំបាក នៅខេត្តបន្ទាយមានជ័យ។

បើតាមលោក ឈឿន ឈីវអៀន នាយកប្រតិបត្តិសមាគមមូលនិធីវ៉ាយ អិល ភី បានធ្វេីរបាយការណ៍បង្ហាញពីវឌ្ឍនភាពបានផ្ដល់ទុនបន្ថែមដល់កសិករក្នុងការប្រកបរបរកសិកម្មដូចជាការធ្វើស្រែចម្ការ ការដាំដុះនិងការចិញ្ចឹមសត្វ និងផលិតកម្ម ក្នុងន័យលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយបានការចំណាកស្រុក ដើម្បីរក្សាបាននូវតម្លាភាពហានិភ័យ និងនិរន្តរភាព ហេីយប្រជាពលរដ្ឋបានបង្កើនចំណូលប្រចាំគ្រួសារមានការអភិវឌ្ឍខ្លួនទាំងចំណេះ និងបទពិសោធលើផ្នែកកសិកម្ម និងផលិតកម្ម។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានកោតសសេីរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ធ្វេីឱ្យសមាគមមូលនិធិ វ៉ាយ អិល ភី ដំណេីរការទៅមុខជួយសម្រាលការលំបាកទៅលេីកង្វះទុនសម្រាប់ប្រកបរបរកសិកម្ម ផលិតកម្ម ស្របពេលដែលកម្ពុជា បាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការផលិតបានផលកសិកម្ម និងផលិតកម្មក្នុងស្រុកជាការងារចាំបាច់បច្ចុប្បន្ន ភាពសម្រាប់ប្រជាពលរដ្ឋ៕