(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់ថា ដោយគោរពតាមបទបញ្ជា និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កងទ័ព ព្រមទាំងមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមកម្លាំង និងលក្ខណៈសម្បត្តិរួចរាល់ក្នុងការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយទឹកជំនន់ដែលអាចកើតមាននៅក្នុងឆ្នាំនេះ។

ថ្លែងចេញពីក្នុងពិធីប្រគល់សម្ភារ និងឧបករណ៍សង្គ្រោះជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា គ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ជាគ្រោះមហន្តរាយមួយ ដែលបាននាំផលប៉ះពាល់ខ្លាំងសម្រាប់កម្ពុជាជារៀងរាល់ឆ្នាំទៅលើការរស់នៅ និងផលដំណាំរបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី បានលើកទៀតថា បើទោះបីកម្ពុជាមិនអាចរារាំងគ្រោះធម្មជាតិនេះបាន តែរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែរនោះ តែងយកចិត្តទុកដាក់ និងគិតគូរខ្ពស់ក្នុងការដោះស្រាយផលប៉ះពាល់ និងការលំបាកទាំងឡាយកើតចេញពីគ្រោះមហន្តរាយនេះ ជាពិសេសការការពារអាយុជីវិតប្រជាពលរដ្ឋ និងប្រឹងឱ្យជួយសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យអស់ពីលទ្ធផលនៅពេលកើតមានគ្រោះមហន្តរាយ។

«កិច្ចការគ្រោះមហន្តរាយនេះ ត្រូវបានយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំពីសំណាក់សម្តេចតេជោ ហ៊ុន សែន។ រឿងដែលលោកគិតគូរចម្បង និងដាក់ចេញបទបញ្ជាដល់កម្លាំងសង្គ្រោះអនុវត្តមុនគេនៅពេលមានគ្រោះមហន្តរាយ ជាពិសេសទឹកជំនន់នោះ គឺសង្គ្រោះជីវិតប្រជាពលរដ្ឋ មិនត្រូវឱ្យពលរដ្ឋត្រូវគ្រោះថ្នាក់ដល់អាយុជីវិតដោយយើងមិនបានសង្គ្រោះនោះឡើយ។ ដូច្នេះកម្លាំងសង្គ្រោះយើងត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានជាប់ជាប្រចាំទាំងកម្លាំង និងយុទ្ធោបករណ៍សម្រាប់ប្រតិបត្តិការសង្គ្រោះ។ ពេលមានគ្រោះមហន្តរាយកម្លាំងយើងត្រូវចេញភ្លាមមិនត្រូវបង្អែបង្អង់ឡើយ»។ នេះជាដំបូន្មានដែលលោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងទៅកាន់កម្លាំងសង្គ្រោះពេលសំណេះសំណាល និងផ្តល់សម្ភារសម្រាប់ប្រតិបត្តិការសង្គ្រោះ។

ក្នុងពិធីលោកទេសរដ្ឋមន្ត្រី ក៏បានឱ្យដឹងផងដែរថា ដើម្បីត្រៀមលក្ខណៈប្រយុទ្ធនឹងគ្រោះមហន្តរាយរំដោះអាយុជីវិតពលរដ្ឋនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំរចនាសម្ព័ន្ធសង្គ្រោះមួយច្បាស់លាស់នៅតាមយោធភូមិភាគទាំង៦ និងបណ្តាអង្គភាពមួយចំនួន ហើយបានបើកការហ្វឹកហ្វឺនបង្កើនសមត្ថភាពសង្គ្រោះ ព្រមទាំងបានបំពាក់សម្ភារ និងឧបករណ៍ចាំបាច់ផ្សេងៗក្នុងប្រតិបត្តិការសង្គ្រោះនេះផងដែរ។

ជាក់ស្តែងនៅថ្ងៃទី១៧ ខែកញ្ញានេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកសម្ភារ និងឧបករណ៍សង្គ្រោះសំខាន់ៗមួយចំនួនជូនដល់កម្លាំងសង្គ្រោះនៅយោធភូមិភាគទី៣។ សម្ភារ និងឧបករណ៍សង្គ្រោះទាំងនោះរួមមាន៖ ឯកសណ្ឋាន ១២០ឈុត, មួកសុវត្ថិភាព ១២០សម្រាប់, ពិលដៃ ១០គ្រឿង, ពិលមួលសុវត្ថិភាព ១២០គ្រឿង, មួក គ.ជ.គ.ម ១០៧កំប្លេ, អាវយឺតហ្វឹកហ្វឺន ១២០កំប្លេ, បាឡូដាក់សម្ភារ ១២០សម្រាប់, ទូកស្មាច់និងម៉ាស៊ីន ១០គ្រឿង, អាវពោង ២០០អាវ, ម៉ាស៊ីនភ្លើងចល័ត ០២គ្រឿង, តង់ចល័ត ២០សម្រាប់, ម៉ាស៊ីនបូមទឹក ២០គ្រឿង, ទុយោបូមទឹក ៤០ឈុត, ខ្សែពួរ ១.០០០ ម៉ែត្រ និងវិទ្យុទាក់ទង ០២គ្រឿង ដែលបំពាក់ឱ្យកងអន្តរាគមន៍របស់យោធភូមិភាគទី៥ ចំនួន ១២០នាក់ និងអនុញ្ញាតឱ្យដាក់ឈ្មោះថា ក្រុមរុករកសង្រ្គោះគ្រោះមហន្តរាយលេខ៧០៥ ផងដែរ។

បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ២០២១នេះ ខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ១៧៩លើក ក្នុង២៥រាជធានីខេត្ត។ បណ្តាលឱ្យរលំ និងខូចខាតផ្ទះធ្ងន់ធ្ងរ ៨៣៧ខ្នងផ្ទះ, បណ្តាលឱ្យរបួសចំនួន ៦៧នាក់ និងស្លាប់ចំនួន៥នាក់។ ដោយឡែករន្ទះបាញ់កើតឡើងចំនួន ៨៥លើក សម្លាប់មនុស្សចំនួន៦៧នាក់, របួសចំនួន៤២នាក់ និងស្លាប់សត្វពាហនៈចំនួន៤០ក្បាល។

តបនឹងបញ្ហាទាំងនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត សហការជាមួយកាកកបាកក្រហមកម្ពុជា ក្រុមការងារថ្នាក់ជាតិ អង្គការ រួមទាំងកងកម្លាំងប្រដាប់អាវុធ បានចុះជួយស្តាជីវភាពប្រជាពលរដ្ឋឡើងវិញបានទាន់ពេលវេលាផងដែរ៕