(ឧត្តរមានជ័យ)៖ ដោយអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពកុមារក្នុងការការពារជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងសកល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយ១២ឆ្នាំ ទូទាំងខេត្តឧត្ដរមានជ័យ ក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងខេត្ត និងមានការចូលរួមពីមន្ត្រីជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខភាពរបស់ប្រជាពលរដ្ឋ និងកុមារ។ ថ្ងៃនេះ លោកក៏បាននាំកូនប្រុសពៅ របស់លោក ទៅចាក់វ៉ាក់សាំង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ផងដែរ និងបានសម្តែងសេចក្តីសោមនោស្សរីករាយយ៉ាងខ្លាំង ដោយមើលឃើញពុកម៉ែបងប្អូនដែលបានដឹកដៃកូនប្រុសស្រីមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្នាមញញឹម។

លោក ប៉ែន កុសល្យ បានជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបដែលមានកូនអាយុចាប់ពី៦ ដល់១២ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងតាមទីតាំងដែលបានកំណត់ និងត្រូវចងចាំ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «៣កុំ និង៣ការពារ» ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ១៩ ឱ្យកាន់តែមានប្រសិទ្ធភាព៕