(បន្ទាយមានជ័យ)៖ សមត្ថកិច្ចជំនាញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជូនប្តី ប្រពន្ធមួយគូ និងបុរសម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយបង្ក្រាបបាននៅក្នុងបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មនៅមូលដ្ឋានក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននាវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ នៅចំណុចបន្ទប់ជួល១កន្លែង ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងជំនាញការិយាល័យប្រាឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ក្នុងនោះមានប្តី ប្រពន្ធ២នាក់ និងអ្នកប្រើប្រាស់ម្នាក់។

ជនសង្ស័យជាអ្នកចែកចាយគ្រឿងញៀន ដែលឃាត់ខ្លួនរួមមាន៖

ទី១៖ ឈ្មោះ ចាន់ គីម ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ
ទី២៖ ឈ្មោះ ឆន សារ៉ាក់ ភេទប្រុស អាយ៤២ឆ្នាំ មុខរបរកម្មករលើកគីបខោអាវ (ជាប្តីប្រពន្ធ) មុខសញ្ញាជួញដូរ។
និងទី៣៖ ឈ្មោះ ឆួម សៀង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាអ្នកប្រើប្រាស់គ្រឿញៀន។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ក្នុងនោះកំលាំងនគរបាលបង្ក្រាបដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ៣កូនថង់តូច ទម្ងន់ស្មើ៦.០៩ក្រាម ថ្លឹងទាំងសំបក, ថ្នាំប្រភេទគ្រាប់ពណ៌ក្រហម ចំនួនចំនួន៦០គ្រាប់, ដែកកេះ២, សំបកថង់មួយចំនួន និងបំពង់បឺតមួយចំនួនផងដែរ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី៕