(ភ្នំពេញ)៖ ទោះស្ថិតបរិបទនៃរាតត្បាតដោយជំងឺកូវីដ១៩ក្តី ក៏ថ្នាក់ដឹកនាំរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មិនបានព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះទេ ពិសេសវិស័យស្រូវអង្ករតែម្តង។

ជាក់ស្តែងលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានដឹកនាំមន្ត្រីរបស់ខ្លួន ចុះពិនិត្យតាមដានស្ថានភាព របស់ម៉ាស៊ីនកិនស្រូវនានា និងសកម្មដាំដុះបង្កបង្កើតផលផ្សេងៗរបស់ប្រជាកសិករក្នុងខេត្តចំនួន៥ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ និងប៉ៃលិន រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកញ្ញា ឆ្នាំ២០២១។

បេសកកម្ម៣ថ្ងៃជាប់គ្នានេះ លោក កៅ ថាច និងសហការី បានចុះពិនិត្យស្ថានភាពរោងម៉ាស៊ីនកិនស្រូវចំនួន៧ រួមមាន៖ រោងម៉ាស៊ីនកិនស្រូវ ចាំង គុណម៉េង, រោងម៉ាស៊ីនកិនស្រូវ ភូ គុកគី ក្នុងខេត្តពោធិ៍សាត់, រោងចក្រកិនស្រូវ ឡាយ ស៊ែ, រោងម៉ាស៊ីនកិនស្រូវ យិន ម៉ាន់, រោងម៉ាស៊ីនកិនស្រូវ វ្វាង វី, រោងម៉ាស៊ីនកិនស្រូវ ឆាយ គឹមតឹង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ និងរោងម៉ាស៊ីនកិនស្រូវ របស់ក្រុមហ៊ុនបៃតង។

ការចុះតាមបណ្តារោងម៉ាស៊ីនកិនស្រូវនេះ គឺដើម្បីពិនិត្យប្រសិទ្ធភាព នៃការប្រើប្រាស់ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដល់រោងម៉ាស៊ីនកិនស្រូវទាំងនោះ។

ដោយរដូវប្រមូលផលស្រូវធ្ងន់ជិតមកដល់ លោក កៅ ថាច បានលើកទឹកចិត្តឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ បន្តទិញស្រូវពីបងប្អូនប្រជាកសិករឲ្យអស់ពីលទ្ធភាព និងគោរពតាមតម្លៃទីផ្សារ។

បន្ថែមលើនេះ លោកបានជំរុញឲ្យរោងម៉ាស៊ីនកិនស្រូវទាំងអស់ ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់កិច្ចសន្យាកសិកម្ម ដើម្បីចូលរួមធានាតំលៃស្រូវ និងស្ថេរភាពទីផ្សារស្រូវ ជូនដល់បងប្អូនប្រជាកសិករ។

ក្រៅតែពីចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវហើយនោះ លោកអគ្គនាយក បានអញ្ជើញចុះពិនិត្យការដាំដុះបន្លែសុវត្ថិភាព នៅសហគមកាសិកម្ម តាសីសាមគ្គី ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ លោកលើកទឹកចិត្តឲ្យសហគមន បន្តពង្រីកការដាំដុះបន្លែសុវត្ថិភាពបន្ថែមទៀត និងបន្តចងក្រង និងពង្រីកសមាជិក ដោយផ្សារភ្ជាប់ជាមួយទីផ្សារដែលមានស្រាប់។ លោកក៏បានបន្តចុះទៅមើលផ្សារលក់បន្លែបោះដុំ ស្ថិតក្នុងស្រុកបរវិល ខេត្តបាត់ដំបង និងបានសំណេះសំណាលជាមួយអាជីវករ ដែលកំពុងលក់ដូរនៅទីនោះផងដែរ។

ឆ្លៀងក្នុងពេលដែលអ្នកដាំដុះមៀនកំពុងជួបបញ្ហាទីផ្សារ លោក កៅ ថាច បានអញ្ជើញចូលរួមសំណេះសំណាល ជាមួយក្រុមតំណាងសមាជិកសហគមន៍មៀនប៉ៃលិន ដែលជាអតិថិជនរបស់ធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីស្តាប់នូវបញ្ហានានា ដែលសមាគមន៍កំពុងជួបប្រទះ ព្រមជាមួយនូវការលើកជាសំណូមពរផ្សេងៗ មកកាន់ធនាគារ ដើម្បីអោយចូលរួមដោះស្រាយ ជាពិសេសលើបញ្ហាកម្ចីឥណទានបន្ថែម។

ជាមួយគ្នានេះ លោកអគ្គនាយក បានអញ្ជើញចុះត្រួតពិនិត្យដំណើរកា រៀបចំកសិដ្ឋានចញ្ចឹមគោយកសាច់ ស្ថិតក្នុងទឹកដីស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នកសិដ្ឋានកំពុងដំណើរការដំឡើងម៉ាស៊ីនស្រោចទឹកស្មៅខ្នាតធំទំនើប ដែលមានប្រវែង ៦០០ ម៉ែត្រ និងត្រៀមរៀបចំដាំស្មៅលើផ្ទៃដីដែលបានឈូសឆាយរួច៕