(មណ្ឌលគិរី)៖ ថ្ងៃដំបូង នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារដែលមានអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ សម្រាប់ខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋ និងអាណាព្យាបាល បានសម្រុកនាំកូនរបស់ខ្លួនមកទទួលវ៉ាក់សាំងដែលអាជ្ញាធរខេត្ត បានរៀបចំនៅតាមបណ្តាទីតាំងដែលបានរៀបចំ នៅតាមមណ្ឌលសុខភាពនានាទូទាំងខេត្ត។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ ត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអាយុជីវិតកុមារពីជំងឺដ៏កាចសាហាវ និងការបើកឱ្យដំណើរការសាលារៀនឡើងវិញ។

យុទ្ធនាការនេះ បានដំណើរចាប់ពីថ្ងៃចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រព្រឹទ្ធទៅនៅសាលាបឋមសិក្សា ហ៊ុនសែន មនោរម្យ ក្រោមមានវត្តមាន លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី។

នៅក្នុងពិធីនោះដែរ លោកអភិបាលខេត្ត បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ រួមទាំងកុមារផងដែរ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀន ដោយគ្មានការភ័យខ្លាច ព្រោះកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់យុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ហើយពេលនេះ បន្តចាក់វ៉ាក់សាំងដល់កុមារ ចន្លោះក្នុងរង្វង់ពី៦ឆ្នាំ ទៅអាយុ១២ឆ្នាំ ដែលតម្រូវសម្រាប់សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ហើយកំពុងត្រៀមសម្រាប់កុមារនៅមត្តេយ្យសិក្សា ក្នុងរង្វង់អាយុ៣ឆ្នាំ ទៅ៦ឆ្នាំវិញ ដែលនេះចាត់ទុកជាជំហានបន្ទាប់មួយទៀត។

លោក ស្វាយ សំអ៊ាង ក៏បានកោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៏កុំភ្លេចខ្លួន ឬធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង។

បន្ថែមពីនេះ ឪពុក ម្តាយ និងអាណាព្យាបាល ដែលនាំកូនចៅមកទទួលវ៉ាក់សាំង បានសម្តែងអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការតម្កល់ខ្ពស់ នៃតម្លៃជីវិតរបស់ប្រជាពលរដ្ឋ ដោយស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកចាក់ឱ្យប្រជាពលរដ្ឋបានគ្រប់ៗគ្នា ដោយមិនគិតថ្លៃ។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារ អាយុចាប់ពី៦ឆ្នាំ ដល់អាយុ១២ឆ្នាំនេះ គឺចាប់ផ្តើមពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ តទៅ នៅតាមទីតាំងដែលអាជ្ញាធរក្រុង/ស្រុក បានកំណត់៕