(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ នៅក្នុងខេត្តស្វាយរៀង ដែលប្រព្រឹត្តិទៅនៅក្នុងបរិវេណមន្ទីរពេទ្យខេត្ត។

លោកអភិបាលខេត្តបានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ស្របពេលដែលរាជរដ្ឋាភិបាលគ្រោងនឹងបេីកសាលាអោយក្មួយៗចូលរៀនឡេីងវិញនៅពេលខាងមុខនេះ ផងដែរ។

លោកអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង សម្រាប់កុមារ ចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តដែលរដ្ឋបាលខេត្តបានរៀបចំ និងចាប់ផ្តើមចាក់ជូន ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ មានតាមពេលវេលា និងទីតាំងដូចខាងក្រោម (ពេលព្រឹកពីម៉ោង៧៖៣០ ដល់ម៉ោង១១៖៣០នាទី ពេលរសៀលពីម៉ោង១រសៀល ដល់ម៉ោង៤រសៀល) រៀងរាល់ថ្ងៃរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការចាក់ជាស្ថាពររួមមាន៖

*ទី១៖ ក្រុងស្វាយរៀង នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
*ទី២៖ ក្រុងបាវិត នៅមន្ទីរពេទ្យបង្អែកជីភូ
*ទី៣៖ ស្រុកកំពង់រោទិ៍ នៅមណ្ឌលសុខភាពញរ
*ទី៤៖ ស្រុកស្វាយទាប នៅមន្ទីរពេទ្យ បង្អែកស្វាយទាប
*ទី៥៖ ស្រុករំដួល នៅមណ្ឌលសុខភាពថ្នាធ្នង់
*ទី៦៖ ស្រុកចន្ទ្រា នៅមណ្ឌលសុខភាព មេសថ្ងក
*ទី៧៖ ស្រុកស្វាយជ្រំ នៅមណ្ឌលសុខភាពតាសួស, មណ្ឌលសុខភាពអង្គតាសូ, មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ ឈេីទាល។
*និងទី៨៖ ស្រុករមាសហែក នៅទីតាំងអតីតសាលាស្រុករមាសហែក, មណ្ឌលសុខភាពអំពិល និងមណ្ឌលសុខភាពអង្គប្រស្រែ។

លោកអភិបាលខេត្ត ក៏បានធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអយុចាប់ពី១៨ឡេីង មិនទាន់ទទួលបានការចាក់វ៉ាក់សាំងសូមអញ្ជេីញទៅទទួលចាក់អោយបានគ្រប់ៗគ្នានៅទីតាំងដែល រដ្ឋាបាលក្រុង-ស្រុកបានរៀបចំកន្លងមក និងកំពុងដំណេីរការចាក់ជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏សូមអំពាវនាវដល់ឪពុក ម្តាយ ដែលនាំកូនមកទទួលការចាក់វ៉ាក់សាំងត្រូវមកតាមការកំណត់របស់អាជ្ញាធរ និងសូមជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ បាត់ការរក្សាគម្លាតសុវត្ថិភាពជាដើម ហេីយក្រោយទទួលបានវ៉ាក់នេះ រួចសូមបន្តប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន៕