(ភ្នំពេញ)៖ តាមបណ្ដោយប្រឡាយបាក់ទូក ដែលពោរពេញទៅដោយល្បាប់ និងកាកសំណល់សំរាម ចាប់ពីស្ថានីយ៍បូមទឹក ក្នុងភូមិបាក់ទូក ព្រំប្រទល់ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ រហូតដល់សង្កាត់ឫស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានស្ដារឡើងវិញ និងប្រមូលដឹកចេញដោយអេស្កាវ័រទ័រ និងរថយន្ដចំនួន ៤គ្រឿង ដើម្បីរំដោះការកកស្ទះ និងជន់លិចនារដូវវស្សា ដោយសារជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ។

ការចុះស្ដារប្រឡាយបាក់ទូក ជាសកម្មភាពក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខណ្ឌ-សង្កាត់-ភូមិ ដោយមានលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដែលជាអ្នកដឹកនាំបញ្ជាផ្ទាល់ និងការចូលរួមពីលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ជាមួយមេភូមិ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

លោក ឯក ឃុនដឿន បានលើកឡើងថា នេះជាការរួមគ្នាបម្រើ និងដោះស្រាយបញ្ហាសេវាតម្រូវការចាំបាច់នៅចំពោះមុខមួយ ក្រៅពីដោះស្រាយបញ្ហាសេវាសំណូមពរ និងសេវាផ្សេងៗទៀត ជូនប្រជាពលរដ្ឋ ដែលជាការឆ្លើយតបតាមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថា «មន្ត្រីមិនមែនជាចៅហ្វាយនាយទេ ប៉ុន្តែមន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់» ក្រោមការដឹកនាំដោយឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕