(សៀមរាប)៖ រដ្ឋបាលស្រុកក្រឡាញ់ បានសម្រេចបិទផ្សារកំពង់ថ្កូវ ដែលស្ថិតក្នុងភូមិកំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ខែកញ្ញា រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកក្រឡាញ់ បានឲ្យដឹងថា របស់រដ្ឋបាលស្រុកក្រឡាញ់ បានសម្រេចបិទផ្សារកំពុងថ្កូវនេះ បន្ទាប់ពីក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកលោកឃើញវិជ្ជមានកូវីដ១៩ ទៅលើប្រជាពលរដ្ឋ ដែលកំពុងលក់ដូរក្នុងផ្សារកំពង់ថ្កូវចំនួន ១២នាក់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ អាជ្ញាធរស្រុកសហការជាមួយការិយាល័យសុខាភិបាលប្រតិបត្តិស្រុក អាជ្ញាធរឃុំ សម្រេចបិទខ្ទប់ការចេញ ចូល ជាបណ្ដោះអាសន្ន រហូតស្ថានភាពមានភាពល្អប្រសើរឡើងវិញ។

រដ្ឋបាលស្រុកក្រឡាញ់ ក៏អំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករក្នុងផ្សារកំពង់ថ្កូវ ដែលបានពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោ ជាមួយអ្នកវិជ្ជមាន ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ត្រូវធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួនឲ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចិត្តាឡីស័ក រដ្ឋបាលស្រុកនិងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានការសុខាភិបាល៕