(កណ្តាល)៖ លោក ស្រី ចន្ធូ និងលោកស្រី ឡុង នាងវចនា រួមទាំងក្រុមគ្រួសារ 7NG នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះបាននាំយកថវិកាចំនួន ៧៧,៧៧៧ ដុល្លារ ប្រគល់ជូនលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីទុកបម្រើក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងប្រជាពលរដ្ឋដែលជួយការលំបាក។

លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណជូនចំពោះក្រុមគ្រួសារ 7NG ដែលបាននាំយកថវិកា ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីចូលរួម អបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

លោក គង់ សោភ័ណ្ឌ ក៏បានកោតសរសើរចំពោះសន្តានចិត្តដ៏សប្បុរសរបស់លោក ស្រី ចន្ធូ និងលោកស្រី ឡុង នាងវចនា ដែលបាននាំយកថវិកាចំនួន ៧៧,៧៧៧ ដុល្លារ ប្រគល់ជូនកាកបាទក្រហមខេត្តកណ្តាល និងសហការីដែលបានចំណាយនូវទ្រព្យធនផ្ទាល់ខ្លួនក្នុងការជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះធម្មជាតិ ឬគ្រោះថ្នាក់ផ្សេងៗ។

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ប្រកបដោយតម្លាភាពក្នុងការបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

សូមជម្រាបថា លោក ស្រី ចន្ធូ និងក្រុមគ្រួសារ 7NG តែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា និងបានចូលរួម ឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភ ដល់កម្មវិធីសប្បុរស ជាច្រើនទៀតផងដែរ៕