(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា ស្របពេលដែលខេត្តព្រះសីហនុ បានកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីការអប់រំបណ្តុះបណ្តាលផ្នត់គំនិត ឥរិយាបទ ក្នុងការប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកត្តាដ៏សំខាន់មួយ ដើម្បីបន្សុីគ្នា សាកសមជាពលរដ្ឋគំរូ ស្ថាប័នគំរូ ក្នុងទីក្រុងស៊ីវិល័យ ស្រស់ស្អាត និងជាទីក្រុងសេដ្ឋកិច្ចពហុបំណង ទីក្រុងឆ្លាត នៃខេត្តព្រះសីហនុ ក្រុងកំពង់សោម។

ការលើកឡើងបែបនេះ របស់លោក សាយ សំអាល់ បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ «សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន «ព្រឹទ្ធាចារ្យលឹមណៃ» នៅទីតាំងវិទ្យាល័យ ហ៊ុនសែន មិត្តភាពខេត្តព្រះសីហនុ។

លោករដ្ឋមន្រ្តី បានបន្តថា ក្រោមម្លប់ និងផ្លែផ្កានៃសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ខិតខំរកបានដោយកម្រ បានអនុញាតឱ្យជីវភាពប្រជាជន កាន់តែរីកចំរើន ការគិតគូរពីគុណភាពជីវិតកាន់តែប្រសើរជាងមុន សេចក្តីត្រូវការ និងចង់បានបរិស្ថានស្អាត និងបៃតងដែលផ្តល់ឱកាសដល់ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធបំពេញនូវបំណងប្រាថ្នាដ៏ពិសិដ្ឋនេះ។

លោក សាយ សំអាល់ បានបន្តថា តាមរយៈការលើកកម្ពស់តួនាទីភារកិច្ច និងការផ្ទេរអំណាចទៅកាន់ថ្នាក់ក្រោមជាតិបម្រើជូនប្រជាពលរដ្ឋកាន់តែរហ័សជាមុន ល្អជាងមុន ស្របតាមតម្រូវការជាក់សែ្តង ការធ្វើប្រតិភូកម្ម ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការការពារធនធានធម្មជាតិ ការអប់រំបរិស្ថាន ការវាយតម្លៃគុណវុឌ្ឍិនីតិបុគ្គល ឬរូបវន្តក្នុងប្រតិបត្តិមេត្រីភាពល្អ ជាពិសេសការបញ្ចូលកិច្ចការងារបរិស្ថានជាចំណុចទី៦ នៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

នាឱកាសនោះដែរ លោក សាយ សំអាល់ ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ជ័យលាភីមាសនេះ ជាមោទនភាព និងសបញ្ជាក់ជាកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត បុគ្គលិកអប់រំសិក្សា មន្ទីរ ស្ថាប័នជុំវិញខេត្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួបរួមគ្នាទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានលេចចេញឡើងនូវសមិទ្ធផលនាពេលនេះ។

លោករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើ និងសូមឱ្យថ្នាក់ដឹកនាំ និងសហការីអប់រំសិក្សាខេត្តព្រះសីហនុបន្ត និងជំរុញការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញធុរកិច្ច ដើម្បីឱ្យបងប្អូន ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តអាចទាញយកនូវសក្តានុពល ពីសេដ្ឋកិច្ចពហុបំណងនៅទីនេះបានកាន់តែច្រើន៕