(រតនគិរី)៖ លោកតា លោកយាយអាយុ១០០ឆ្នាំឡើង ចំនួន៣នាក់បន្ថែមទៀតហើយ នៅស្រុកវើនសៃ និងស្រុកអូរជុំ ខេត្ដរតនគិរី ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីពួកគាត់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះរបស់ពួកគាត់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ ក្នុងនោះក៏មានការចូលរួមពី លោក ថង សាវុន អភិបាលខេត្តរតនគិរី ផងដែរ។

លោកតា និងលោកយាយ អាយុ១០០ឆ្នាំឡើង ដែលទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖

*ទី១៖ លោកយាយឈ្មោះ ហ្វឿយ ផាន់ អាយុ១០៥ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ
*ទី២៖ លោកយាយឈ្មោះ ទៀង យ៉ល អាយុ១០២ឆ្នាំ រស់នៅឃុំចាអ៊ុង ស្រុកអូរជុំ
*ទី៣៖ លោកតាឈ្មោះ កាយិន តាម៉ង អាយុ១០៤ឆ្នាំ ជនជាតិដើមភាគតិចក្រឹង រស់នៅភូមិចាអ៊ុងចាន់ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនពួកគាត់ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាព ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីដែលជំរុញឲ្យពួកគាត់ ទៅទទួលយកនូវការចាក់វ៉ាក់សាំង។

លោកតា លោកយាយទាំង៣នាក់ ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។

ពួកគាត់បានបង្ហាញនូវការយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតមានជាសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ បើទោះបីពួកគាត់ចាស់ជរាក៏ពិតមែន ប៉ុន្ដែវ៉ាក់សាំងអាចការពារពួកគាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីពួកគាត់ឆ្លងដោយប្រការណាមួយ ក៏មិនបណ្ដាលឲ្យគាត់ឈឺធ្ងន់ធ្ងរនោះដែរ៕