(កោះកុង)៖ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចុះហត្ថលេខាទទួលសម្ភារឧបករណ៍បរិក្ខាវេជ្ជសាស្រ្ត ក្រោមជំនួយរបស់ទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិ (TICA) លើគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ថៃ លើកវិស័យសុខាភិបាល រវាងខេត្តកោះកុង និងខេត្តត្រាតប្រទេសថៃ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ។

ពិធីចុះហត្ថលេខាទទួលសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ក្រោមវត្តមានលោកវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង, លោកវេជ្ជបណ្ឌិត ហៃឡៃ សិន ប្រធានមន្ទីរពេទ្យបង្អែក ខេត្តកោះកុង រីឯភាគីថៃ ក្រោមវត្តមានលោក Bancha Subpaso ប្រធានមន្ទីរសុខាភិបាល ខេត្តត្រាត។

លោកវេជ្ជបណ្ឌិត ទៅ មុឹង បានឱ្យដឹងថា ជំនួយឧបករណ៍សម្ភារបរិក្ខាវេជ្ជសាស្រ្តទាំងអស់នេះនឹងត្រូវប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តកោះកុង សម្រាប់ប្រើប្រាស់ក្នុងអាគារសង្រ្គោះបន្ទាន់ដែលអំណោយដ៏ថ្លៃថ្លារបស់ TICA ដែលបានសាងសង់រួចរាល់កាលពីឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិត ហៃ ឡៃ សុន បានឱ្យដឹងថា ក្នុងការចុះហត្ថលេខាទទួលឧបករណ៍សម្ភារៈបរិក្ខាពេទ្យជាជំនួយរបស់ភ្នាក់ងារប្រតិបត្តិការអន្តរជាតិ (TICA) លើគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ថៃ លើវិស័យសុខាភិបាល រវាងខេត្តកោះកុង និងខេត្តត្រាត ប្រទេសថៃ នៅសម្ភារបរិក្ខាវេជ្ជសាស្រ្តពេទ្យទាំងនេះ គឺស្ថិតក្នុងផែនការសកម្មភាពកោច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រយៈពេល៣ឆ្នាំ ២០១៩-២០២១ និងត្រូវប្រគល់ជូនមន្ទីរពេទ្យខេត្តកោះកុង សម្រាប់ប្រើប្រាស់ក្នុងអគារជួយសង្រ្គោះបន្ទាន់ដែលអំណោយដ៏ថ្លៃថ្លារបស់ TICA ដែលបានផ្តល់ជូនក្នុងឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ រវាងខេត្តកោះកុង និងខេត្តត្រាត ឃើញថាមានភាពល្អប្រសើរចេះជួយគ្នាសាមគ្គីគ្នា ក្នុងនាមជាប្រទេសជិតខាងក្នុងការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋទាំងទ្វេរភាគី ហើយសម្ភារៈឧបករណ៍បរិក្ខាពេទ្យទាំងអស់នេះ មន្ទីរពេទ្យនឹងប្រើប្រាស់ឱ្យចំគោលដៅក្នុងជួយសង្គ្រោះអាយុជីវិតប្រជាជនដោយមិនប្រកាន់ពូជសាសន៍ ព្រោះនេះជាតួនាទីរបស់ក្រុមលោកគ្រូពេទ្យ៕