(ភ្នំពេញ)៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តមួយ ធ្វើការស្រាវជ្រាវ និងបំភ្លឺជូនសម្តេច ចំពោះករណីមន្រ្តីហាមប្រជាពលរដ្ឋមិនឱ្យសម្លាប់សត្វពពែទទួលទាន។

ជាមួយនឹងការបង្ហោះវីដេអូ មន្រ្តីកសិកម្មដែលចុះរឹបអូសយកសាច់សត្វពពែដែលប្រជាពលរដ្ឋសម្លាប់ ដោយចោទថាមិនបានសុំច្បាប់ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?

សម្តេចបានបញ្ជាក់បន្ថែមថា៖ «យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេគឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់»

សម្តេចបានបន្តថា៖ «ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។ ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ»