(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងប្រទេសស្លូវេនី បានធ្វើជាសហប្រធាន បើកកិច្ចប្រជុំឧត្តមមន្ត្រីអាស៉ីអឺរ៉ុប (ASEM) រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីកែសម្រួលសេចក្តីព្រាងឯកសារលទ្ធផល នៃកិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។

លោក លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូល ASEM13 បានធ្វើជាសហប្រធានជាមួយប្រទេសស្លូវេនី ក្នុងការដឹកនាំកិច្ចប្រជុំដ៏មានសារ:សំខាន់នេះ។ លោកបានថ្លែងអំណរគុណដល់ក្រុមការងារ ASEM កម្ពុជា ចំពោះការខិតខំប្រឹងប្រែងក្នុងការកែសម្រួលសេចក្តីព្រាងឯកសារលទ្ធផលនៃកិច្ចប្រជុំកំពូល ASEM13 ផងដែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «សូមអរគុណដល់ក្រុមការងាASEM កម្ពុជា ចំពោះការខិតខំប្រឹងប្រែងក្នុងការកែសម្រួលសេចក្តីព្រាងឯកសារ​លទ្ធផលនៃកិច្ចប្រជុំកំពូល​ASEM13 ដែលទទួលបានការកោតសរសើរ ពីដៃគូASEMជាច្រេីន នៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីASEM នាថ្ងៃទី ១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលកម្ពុជា និងស្លូវេនី ធ្វេីជាសហប្រធាននៃកិច្ចប្រជុំ។ ជាការពិតណាស់ការពិភាក្សារបស់យើងទៅលើសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំ បានទទួលលទ្ធផលល្អ និងប្រកបដោយផ្លែផ្កា»

សូមជម្រាបថា កិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ចាប់ផ្តើមពីម៉ោង ២ រសៀលតទៅ (ដោយសារពេលវេលាខុសគ្នារវាងទ្វីបអាស៉ី និងអឺរ៉ុប) ក្នុងនោះ ASEM មានការចូលរួមពីថ្នាក់ដឹកនាំ ៥១ប្រទេស និង ២ស្ថាប័នតំបន់ (សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន) ជាដៃគូ៕