(កោះកុង)៖ ដោយអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពកុមារការពារជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងសកល រដ្ឋបាលខេត្តកោះកុង បានចាប់បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ជូនដល់កុមារចាប់ពីអាយុ៦ដល់១២ឆ្នាំ ទូទាំងខេត្តកោះកុងនៅគ្រប់បណ្តាក្រុង ស្រុកទាំង៧។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារមានការចុះពិនិត្យដោយលោក ទូ សាវុធ អភិបាលរងខេត្ត លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងរួមទាំងមន្ត្រីក្រោមឱវាទផងដែរ។

លោក ឈេង សុវណ្ណដា បានសម្តែងសេចក្តីសោមនោស្សរីករាយយ៉ាងខ្លាំង ដោយមើលឃើញពុកម៉ែបងប្អូនដែលបានដឹកដៃកូនប្រុសស្រីមកចាក់វ៉ាក់សាំងកូវីដ១៩ដោយក្តីញញឹម។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឲ្យដឹងថា ថ្ងៃនេះមន្ទីរសុខាភិបាលខេត្តបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារ ចាប់ពីអាយុ៦ដល់១២ឆ្នាំជុំទី១ទូទាំងខេត្តកោះកុង ដើម្បីឲ្យស្របទៅតាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានដាក់ជូនឲ្យអនុវត្តន៍ក្នុងការចាក់វ៉ាក់សាំងកូវីដដ១៩នេះ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា វ៉ាក់សាំងដែលក្រសួងសុខាភិបាលផ្តល់ជូនមានចំនួន១៥៥៥៤ដូសសម្រាប់ចាក់ជូនដល់កុមារចាប់ពីអាយុ៦ដល់១២ឆ្នាំ ទូទាំងខេត្តកោះកុង និងដើម្បីឲ្យសិស្សឆាប់បានចូលសិក្សាឡើងវិញ។

លោកវេជ្ជបណ្ឌិ បានអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅតាមមូលដ្ឋានទាំងអស់មិនថាក្មេងឬចាស់នោះទេ ចូលរួមទប់ស្កាត់ទាំងអស់គ្នាហើយអនុវត្តន៍វិធានការ ៣ការពារ ៣កុំ មានអនាម័យបរិស្ថានល្អក្នុងការរស់នៅ មិនត្រូវជួបជុំផឹកស៉ី នៅឲ្យឆ្ងាយពីទីប្រជុំជននៅគម្លាតពីគ្នាចាប់ពី១.៥០ម៉ែត្រពីគ្នា ដែលនេះជាវិធានការល្អសម្រាប់យើងទាំងអស់គ្នា ក្នុងការការពារកូវីដ១៩៕