(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីសម្រេចបិទជាបណ្តោះអាសន្ននូវដំណើរការតូបលក់ដូរ នៅទីប្រជុំជនផ្សារវាលយន្តស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង រយៈពេល៨ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានបិទជាបណ្តោះអាសន្ននូវដំណើរការតូបលក់ដូរ នៅទីប្រជុំជនផ្សារវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង រយៈពេល០៨ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១»

អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្តល់វត្តវិភាគសំណាកដល់មន្រ្តីសុខាភិបាលទៅវិភាគរកមេរោគកូវីដ១៩ និងត្រូវចូលរួមជាមួយអាជ្ញាធរនឹងក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានជំងឺកូវីដ១៩ខេត្ត ក្នុងការផ្តល់ព័ត៌មានដើម្បីស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកវត្ថុវិភាគសំណាក៕