(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបឱ្យដឹងថា តុលាការកម្ពុជាបានចេញដីកាតាមចាប់ខ្លួនបណ្ឌិតមួយរូប បន្ទាប់ពីរូបលោកបានសរសេរនូវសេនារីយូបង្ហាញកម្លាំងចំនួន៦ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះដែលផ្តួចផ្តើមបង្កើតឡើងដោយទណ្ឌិត សម រង្ស៉ី។ ក្នុងប្រសាសន៍នោះ សម្តេចតេជោមិនបានលើកចំឈ្មោះឡើយ តែគេអាចដឹងបានថា បុគ្គលដែលសម្តេចនាយករដ្ឋមន្ត្រីសំដៅដល់គឺលោក សេង សារី នេះឯងដ្បិតរូបលោកជាអ្នកសរសេរសេនារីយូគាំទ្រទង្វើខុសច្បាប់របស់ទណ្ឌិត សម រង្ស៉ី នាពេលកន្លងទៅ។

ទណ្ឌិត សម រង្ស៉ី កាលពីខែកក្កដា កន្លងទៅ បានបង្ហាញពីគម្រោងបង្កើតរដ្ឋាភិបាលចម្រុះមួយ ដោយយកគំរូតាមប្រទេសមីយ៉ាន់ម៉ា។ ទណ្ឌិតរូបនេះ ក៏បានអំពាវនាវប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ខ្លួនថែមទៀតផង។

ក្រោយការប្រកាសទណ្ឌិត សម រង្ស៉ី នេះ, លោក សេង សារី ក៏បានសរសេរបង្ហោះលើហ្វេសប៊ុក ដោយលើកឡើងនូវសេរីណារីយូចំនួន៦ ដែលលោកថា ជាកម្លាំងក្នុងការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលជាគំនិតរបស់ទណ្ឌិត សម រង្ស៉ី។ សេរីណារីយូកម្លាំងទាំង៦ ដែលលោក សេង សារី បានសរសេរនោះរួមមាន៖ កម្លាំងអ្នកគាំទ្របក្សប្រឆាំង, កម្លាំងមហាជន, កម្លាំងយុវជន, កម្លាំងផ្ទៃក្នុងបក្សកាន់អំណាច, កម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ និងប្រទេសជិតខាង។ ក្នុងសេណារីយូនីមួយៗ ត្រូវបានលោក សេង សារី លើកបង្ហាញនូវយុទ្ធសាស្ត្រក្នុងការអនុវត្តយ៉ាងលំអិតផងដែរ។

ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ដល់១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកទង្វើនេះជាគំនិតគាំទ្រដល់សកម្មភាពផ្ទុយនឹងច្បាប់របស់កម្ពុជា ដែលមិនអាចលើកលែងទោសបាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ឱ្យតែរឿងពាក់ព័ន្ធនឹងចលនាប្រដាប់អាវុធ រដ្ឋាភិបាលក្រៅប្រទេស ត្រូវតែចាប់ខ្លួន បើមិនចាប់ខ្លួនមិនមែនរដ្ឋាភិបាលទេ និយាយត្រង់ៗអ៊ីចឹងហ្មង។ សូមកុំឱ្យចូលទៅគន្លងជាប់គុក មិនមែនជាសិទ្ធិបញ្ចេញមតិទេ ព្រោះតែហៅថារដ្ឋាភិបាល ឬចលនា គឺសុទ្ធតែឧទាមប្រដាប់អាវុធហើយ»

បើតាមសម្តេចតេជោ ហ៊ុន សែន, បច្ចុប្បន្នលោក សេង សារី មិនបានស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេ គឺកំពុងរស់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ សម្តេចតេជោ ក៏បានរំលឹកផងដែរថា ពីច្បាប់របស់អាស៊ាន គឺមិនអនុញ្ញាតឱ្យជនណាម្នាក់យកទឹកដីប្រទេសសមាជិកអាស៊ាន ធ្វើជាទីតាំងប្រឆាំង ឬវាយប្រហារលើរដ្ឋាភិបាលប្រទេសជាសមាជិកណាមួយនោះឡើយ។

ការលើកឡើងចំណុចនេះ ប្រហែលជាសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចង់រំលឹកពីលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ដើម្បីចាប់ខ្លួនជនមានទោស ប្រសិនបើកម្ពុជាចង់តាមចាប់ខ្លួនជនមានទោសរូបនោះ។

ក្នុងប្រសាសន៍ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រតិកម្មនឹងលោក សេង សារី ផងដែរ ដែលបានធ្វើបទសម្ភាសន៍ក្នុងបណ្តាញផ្សព្វផ្សាយគាំទ្រ ដោយបរទេសរិះគន់ប្រសាសន៍របស់សម្តេចដែលបានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននាពេលកន្លងទៅ៕