(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួនរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈឣចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ ប្រគេនដល់ព្រះសង្ឃទូទាំងក្រុងប៉ោយប៉ែត ក្នុងឱកាសបុណ្យកាន់បិណ្ឌ នាថ្ងៃខាងមុខនេះ។

សូមជម្រាបថា នៅក្រុងប៉ោយប៉ែត មានចំនួន៣សង្កាត់ រួមមាន៖ សង្កាត់ប៉ោយប៉ែត, សង្កាត់ផ្សារកណ្តាល និងសង្កាត់និមិត្ត ដោយមានវត្តអារាមសរុបចំនួន២១វត្ត និងព្រះសង្ឃចំនួន៤២៦អង្គ។

ដោយឡែកសម្រាប់ ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលត្រូវបានរដ្ឋបាលក្រុងប៉ោយប៉ែត ដឹកជញ្ជូនយកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់នៅតាមវត្តចំនួន២១វត្ត នៅទូទាំងក្រុងនៅរសៀលនេះដោយក្នុងមួយវត្តៗ ទទួលបានអង្ករ, មី, ត្រីខ, ទឹកបរិសុទ្ធវីតាល, ទឹកក្រូច, ទឹកស៊ីអ៉ីវ, ទឹកត្រី,ម៉ាស់ និងបច្ច័យមួយចំនួនផងដែរ។

នាឱកាសនោះលោក គាត ហ៊ុល បានថ្លែងអគុណចំពោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសព្រះសង្ឃ ជាក់ស្តែងនៅថ្ងៃនេះ ឧបនាយករដ្ឋមន្ត្រី និងលោកស្រីបានគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួនដល់វត្តអារាម នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយ មានជ័យទាំងមូលនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ នាថ្ងៃខាងមុខនេះ៕