(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ នឹងចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ ស៊ីណូវ៉ាក់ ដល់កុមារមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដែលរស់នៅទូទាំងខេត្ត។

លោក វ៉ី សំណាង អភិបាលកំពង់ស្ពឺ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះថា ការច៉ាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ ធ្វើឡើងនៅទូទាំងក្រុងស្រុកក្នុងខេត្ត ដោយបែងចែកទៅតាមអង្គភាព និងក្រុងស្រុក ដែលមានចំនួន ៩៧៤៤៩នាក់។

លោកបានបន្តថា «រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ជាបន្តបន្ទាប់ សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ និងកុមារ ដើម្បីឲ្យមានភាពស៊ាំនៅក្នុងសហគមន៍ ហើយនឹងអាចឈានទៅដល់ការបើកសាលាបឋមសិក្សាឡើងវិញនៅថ្ងៃខាងមុខ»

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុដែលបានកំណត់នេះ សូមយកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា និងបន្តចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ» ឱ្យបានត្រឹមត្រូវ។ ពេលនាំកូនមកចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ មានអាល់កុលជាប់ខ្លួន ដើម្បីរួមគ្នាកាត់ ផ្តាច់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

ជាមួយគ្នានេះ លោកបានអំពាវនាវប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម៕