(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បញ្ជូនមេខ្យល់ចំនួន៦នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ករណីនាំពលករខ្មែរលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបាន បានឱ្យដឹថា មេខ្យល់ទាំង៦នាក់ខាងលើនេះរួមមាន៖

ទី១៖ ឈ្មោះ ផុន សុហុង ភេទប្រុស អាយុ២៥ឆ្នាំ
ទី២៖ ឈ្មោះ ប្រាក់ វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ
ទី៣៖ ឈ្មោះ វេត សារុំ ភេទប្រុស អាយុ២៦ឆ្នាំ
ទី៤៖ ឈ្មោះ កែវ សិរី ភេទប្រុស អាយុ៣១ឆ្នាំ
ទី៥៖ ឈ្មោះ លី ប៊ុនថន ភេទប្រុស អាយុ៣៦ឆ្នាំ ទាំង៥នាក់ ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
និងទី៦៖ ឈ្មោះ ម៉ឺន រុន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកស្រះកែវ ខេត្តស្រះកែវ ប្រទេសថៃ។

អធិការនគរបាលបានបន្តថា មេខ្យល់ទាំង៦នាក់ ក្នុងនោះចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត បានឃាត់ខ្លួន។ ចំណែកមេខ្យល់ម្នាក់ទៀត ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនប្រគល់នគរបាលការពារព្រំដែនគោកលេខ៩១១ រួចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបញ្ជូនមេខ្យល់ទាំង៦នាក់ ឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់ ដោយពាក់ព័ន្ធក្នុងករណីនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន។

បើតាមលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា មេខ្យល់ទាំង៦នាក់ ត្រូវបាននគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីហើយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ៕