(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្តល់អំណោយមនុស្សធម៌ ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក, បុរីទារក និងកុមារជាតិ និងអង្គការលើកស្ទួយប្រជាពលរដ្ឋ។

ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពរបស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខធិការរងទី១ កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ ចំពោះជនមានពិការភាព កុមារនិងបុគ្គលិកទាំងអស់ នៃអង្គការទាំង៣ខាងលើនេះ ជាពិសេសកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លា ដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បណ្តុះបណ្តាលជំនាញ មើលថែទាំ ចិញ្ចឹមបីបាច់ទារក កុមារ និងជនមានពិការភាព ដោយផ្តល់នូវភាពកក់ក្តៅ ការអប់រំ ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។

ទន្ទឹមនឹងនេះ ក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលជំងឺកូវីដ-១៩ លោកស្រី ម៉ែន នារីសោភ័គ បានផ្តាំផ្ញើដល់កុមារទាំងអស់ រួមទាំងលោកគ្រូ អ្នកគ្រូ-បុគ្គលិក និងថ្នាក់ដឹកនាំនៃអង្គការទាំង៣នេះ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ៣ការពារ និង៣កុំ។

ជាកិច្ចឆ្លើយតប មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក, បុរីទារក និងកុមារជាតិ និងអង្គការលើកស្ទួយប្រជាពលរដ្ឋ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែផ្តល់ក្តីមេត្តា ករុណា ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ក្មួយៗចៅៗកុមារទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុត គ្រប់រូបភាពទាំងអស់ ជាពិសេសរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើង។

សូមជម្រាបថា អំណោយមនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជាផ្ដល់ជូន មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក, បុរីទារក និងកុមារជាតិ និងអង្គការលើកស្ទួយប្រជាពលរដ្ឋ គឺទទួលបានស្មើៗគ្នា ដោយក្នុងមួយអង្គការ ទទួលបាន៖ អង្ករ៥០០គីឡូក្រាម, ម៉ាស២កេស និងភេសជ្ជៈ១០០កេស៕