(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសចាត់វិធានការលើយានជំនិះគ្រប់ប្រភេទ ដែលឈប់ ឬចត និងការដាក់តាំងលក់សម្ភារនានា នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ក្នុងក្រុងសៀមរាប។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប កំពុងដំណើរការ រៀបចំខឿនចិញ្ចើមផ្លូវ កំរាលត្រានីតសម្រាប់ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងការរៀបចំទ្រូងផ្លូវ។ ទន្ទឹមនេះ រដ្ឋបាលខេត្តពិនិត្យឃើញមានការចតយានជំនិះគ្រប់ប្រភេទ ការដាក់តាំងសម្ភារផ្សេងៗ និងការលក់ដូរនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលកំពុងសាងសង់ ។

ដើម្បីថែរក្សាសណ្តាប់ធ្នាប់រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ម្ចាស់លំនៅឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា ប្រជាពលរដ្ឋ និងសាធារណជន បញ្ឈប់ការចតលើកំរាលត្រានីត ការដាក់តាំងសម្ភារៈផ្សេងៗ និងការលក់ដូរនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។

រដ្ឋបាលខេត្តបានព្រមានថា ម្ចាស់លំនៅឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា ប្រជាពលរដ្ឋ និងសាធារណជន នៅតែបន្តយកយានជំនិះគ្រប់ប្រភេទទៅចត ដាក់តាំងសម្ភារផ្សេងៗ និងការលក់ដូរនៅលើកំរាលត្រានីត ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងការលក់ដូរនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ដែលបង្កឲ្យមានការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវកំពុងសាងសង់ ត្រូវទទួលខុសត្រូវសងការខូចខាត ហើយអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ផងដែរ៕