(បាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឃាត់ខ្លួនស្រ្តីម្នាក់ពីបទឆបោកប្រាក់នៅត្រង់ចំណុចផ្ទះសំណាក់លីនី ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង។

របាយការណ៍របស់អាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា ស្រ្តីដែលត្រូវបានឃាត់ខ្លួននេះមានឈ្មោះ គុម្ព វង់ម្នី អាយុ៥៦ឆ្នាំ មុខរបរអាជីវកររស់នៅភូមិខាងលើ ហើយការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ផាន់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង ពីបទ «ឆបោក» កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។

របាយការណ៍បានបន្តថា ក្រោយការចាប់ខ្លួនស្រ្តីរូបនេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់តំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីធ្វើការសួរនាំបន្តទៀត ចាត់វិធានការតាមច្បាប់។ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះថា ស្រ្តីរូបនេះកំពុងស្ថិតក្រោមការសួរនាំរបស់តំណាងអយ្យការ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ មុនចាត់ការតាមច្បាប់បន្តទៀត។

យោងតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់តំណាងអយ្យការ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពុម្ព វង់ម្នី ភេទស្រី រស់នៅភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានដើមបណ្តឹងឈ្មោះ សរ សុវណ្ណារ៉ា ភេទប្រុស
ប្តឹងពីបទ «ឆបោក» នូវទឹកប្រាក់ប្រមាណ៧០ម៉ឺនដុល្លារ។

តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាកោះហៅស្រ្តីរូបនេះ ឲ្យចូលឆ្លើយបំភ្លឺ តែឈ្មោះ គុម្ព វង់ថ្មី មិនព្រមទទួលដីកាកោះ នឹងមិនបានចូលឆ្លើយបំភ្លឺឡើយ ដូចនេះគប្បីចេញដីកាបញ្ជាឲ្យចូលខ្លួន
លើឈ្មោះ គុម្ព វង់ថ្មី និងឲ្យមន្ត្រីនគរបាលយុត្តិធម៌នាំជននេះ មកបង្ហាញខ្លួននៅចំពោះមុខតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាប់ពីពេលនេះតទៅ។

នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន ដើមបណ្តឹងលោក សរ សុវណ្ណារ៉ា បានប្តឹងទាមទារប្រាក់ចំនួន៧០ម៉ឺន និង២ពាន់ដុល្លារ ហើយទាមទារសំណងជំងឺចិត្តចំនួន៥០០លានរៀលផងដែរ៕