(បាងកក, ថៃ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើរាជរដ្ឋាភិបាលថៃ ពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ។

សំណើរបស់លោកបណ្ឌិត សុខ សុក្រឹត្យា បានធ្វើឡើងក្នុងពេលរូបលោកចូលជួបពិភាក្សាការងារជាមួយលោក Niphon BUNYAMANEE អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។

លោកបណ្ឌិត សុខ សុក្រឹត្យា បានប្រាប់ Fresh News ថា នៅក្នុងជំនួបនោះ លោកបានលើកបញ្ហាប្រឈមជាច្រើនរបស់ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ កំលុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ។ លោក សុក្រឹត្យា ក៏បានស្នើឱ្យរាជរដ្ឋាភិបាល ផ្តល់ការគាំពារខ្ពស់ដល់សុខភាពពលករខ្មែរ និងគាំពារលើជីវភាពប្រចាំថ្ងៃរបស់ពួកគេ ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩។

លោក សុខ សុក្រឹត្យា ក៏បានអះអាងដែរថា រូបលោក ក៏បានស្នើទៅរាជរដ្ឋាភិបាលថៃ តាមរយៈអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ឱ្យបង្កើនការចាក់វ៉ាក់សាំងដល់ពលករខ្មែរ ដើម្បីពួកគេបានអង្គបដិបក្ខប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

បើតាមលោក សុខ សុក្រឹត្យា នៅក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ក៏បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរ បានចាក់វ៉ាក់សាំងរួចរាល់ទៅធ្វើការនៅក្នុងប្រទេសថៃផងដែរ ព្រោះប្រទេសថៃកំពុងខ្វះកម្លាំងពលកម្មបម្រើការងារនៅតាមរោងចក្រ សហគ្រាសនានា។

ពាក់ព័ន្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលករខ្មែរនៅក្នុងប្រទេសថៃនេះ។ លោក សុក្រឹត្យា បានឱ្យដឹងថា មានពលករខ្មែរប្រមាណ ៥ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ក្រៅតែពីសំណើសុំកិច្ចអន្តរាគមន៍ជួយចាក់វ៉ាក់សាំងជូនពលករខ្មែរដោយឥតគិតថ្លៃហើយនោះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើទៅអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ផ្តល់កិច្ចសហការកំណត់វិធានសុវត្ថិភាពលើការធ្វើពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរទំនិញតាមព្រំដែន។ លោក ក៏បានស្នើថៃ សហការទប់ស្កាត់ការជួញដូរមនុស្សឆ្លងកាត់ព្រំដែនកម្ពុជា-ថៃផងដែរ។

សូមបញ្ជាក់ថា ក្នុងជំនួបខាងលើនេះ លោកបណ្ឌិត សុខ សុក្រឹត្យា បានឆ្លៀតជម្រាបអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ អំពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពយ៉ាងពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ លោកក៏បានគូសរំលេចព័ត៌មានសម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧។

ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ពីជោគជ័យដ៏ធំធេង របស់កម្ពុជា លើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត ១២លាននាក់។

លោក Niphon BUNYAMANEE បានសម្តែងសេចក្តីសោមនស្សរីករាយដែលបានជួបតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងបានផ្តាំផ្ញើសេចក្តីនឹករលឹកជូនសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារផងដែរ។

លោកអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ក៏បានសម្តែងការកោតសរសើរចំពោះវិធានការដោះស្រាយវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលនាំឱ្យទទួលបានជោគជ័យយ៉ាងល្អប្រសើរ៕