(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនដល់កុមារ ដែលមានអាយុ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ក្នុងភូមិសាស្ត្រខេត្ត ដើម្បីបង្កើតភាពស៊ាំទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបន្ដថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ យុវវ័យនិងប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង ដើម្បីបង្ការនិងកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស និងដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ និងឈានទៅបញ្ចប់ការចម្លងជំងឺកូវីដ១៩ ក៏ដូចជាដើម្បីធានាបាននូវសុខមាលភាពកុមារ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុចាប់ពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំបន្ថែមទៀត។

ចំពោះទីតាំង និងពេលវេលាចាក់សាំងត្រូវកំណត់ដោយរដ្ឋបាលក្រុង ស្រុកនីមួយនៃខេត្តព្រៃវែង។

រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា សម្រាប់អ្នកដែលត្រូវចាក់វ៉ាក់សាំងត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លងពាក់ព័ន្ធ រួមមានសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ឬសំបុត្រកណើត ឬលិខិតបញ្ជាក់ពីអាជ្ញាធរ។

បន្ថែមពីនេះទៀត រដ្ឋបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋ ឬមាតាបិតាអាណាព្យាបាលដែលមានកូនចាប់ពីអាយុ០៦ ឆ្នាំរហូតដល់ក្រោម ១២ឆ្នាំ អញ្ជើញរួសរាន់នាំកូនទៅចាក់វ៉ាក់សាំងករពារជងឺកូវីដ១៩ តាមការបរិច្ឆេត និងទីកន្លែងដែលកំណត់របស់រដ្ឋបាលក្រុង ស្រុកកុំបីខាន៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដព្រៃវែង៖