(រតនគិរី)៖ មន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា មានអ្នកជំងឺកូវីដ១៩ចំនួន៣នាក់ រត់ចេញពីមណ្ឌលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

អ្នកជំងឺកូវីដ១៩ចំនួន៣នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី កាលពីថ្ងៃទី១២ ខែកញ្ញា និងនៅថ្ងៃទី១៥ ខែកញ្ញា។ ពួកគាត់ទាំង៣នាក់រួមមាន៖ ឈ្មោះ ចែម សុវត្ថិ ភេទប្រុស អាយុ៣១ឆ្នាំ, ឈ្មោះ ខុន សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ (អ្នកទាំង២ រស់នៅភូមិក្រឡា ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី និងឈ្មោះ ឃិន ច័ន្ទថ្លា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

ទាក់ទងទៅនឹងអ្នកជំងឺកូវីដ១៩ ដែលបានរត់គេចខ្លួនចេញពីមណ្ឌលព្យាបាលមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី, លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ថា ពួកគេមិនទាន់ដឹងតម្រុយនៅកន្លែងណានៅឡើយទេ។

តែយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងដៃដុតជើងស្វែងរក។ លោកក៏បានអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ស្វែងរកចាប់ខ្លួនអ្នកជំងឺកូវីដទាំងនោះ ដើម្បីបញ្ជូនមកព្យបាលវិញ។

ជាមួយគ្នានេះដែរ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី អំពាវនាវជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺកូវីដ១៩ ត្រូវចូលអនុវត្តតាមវិធានការការព្យាបាលរបស់ក្រសួងសុខាភិបាល ដោយការអត់ធ្មត់ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនឯង, ដល់អ្នកដទៃ, ដល់ក្រុមគ្រួសារ សហគមន៍ និងត្រូវមានទោសទណ្ឌជាប់ពន្ធនាគារថែមទៀតផង៕