(ភ្នំពេញ)៖ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារបច្ចេកទេស អន្តរក្រសួងរៀបចំច្បាប់ស្តីពីកិច្ចការពារកុមារនៃកម្ពុជា តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ ដើម្បីប្រមូលធាតុចូលលើមាតិកាសេចក្តីព្រាងច្បាប់ ស្តីពី កិច្ចការពារកុមារនៃកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ ដើម្បីប្រមូលធាតុចូលលើមាតិកាសេចក្តីព្រាងច្បាប់ ស្តីពី កិច្ចការពារកុមារនៃកម្ពុជា រៀបចំដោយ លេខាធិការដ្ឋានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការគាំទ្រពីអង្គការយូនីសេហ្វ និងអង្គការភ្លែនអន្តរជាតិ និងមានការចូលរួមពី អភិបាលរង ចៅក្រម និងតំណាងអយ្យការអមសាលាដំបូង និងលោក លោកស្រីតំណាងមកពីអង្គភាពពាក់ព័ន្ធ ក្នុងខេត្ត ព្រះវិហារ ក្រចេះ រតនៈគីរី ប៉ៃលិន កំពង់ឆ្នាំង ឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃនិងមមាញឹកដើម្បី ចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់នាឱកាសនេះ។

លោកស្រី ខៀវ បូរី បានលើកឡើងថា គោលបំណងសំខាន់នៃកិច្ចប្រជុំនាព្រឹកនេះ ដើម្បីពិនិត្យនិងផ្តល់យោបល់ ទៅលើសេចក្តីព្រាងមាតិកានៃសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លើយតបទៅនឹងក្របខ័ណ្ឌអន្តរជាតិស្តីពីការលើកកម្ពស់សិទ្ធិ និងកិច្ចការពារកុមារ រាជរដ្ឋា ភិបាលកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២ ពិធីសារបន្ថែមស្តីពី ការចូលរួមរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ ពិធីសារស្តីពីការជួញដូរកុមារ ការធ្វើពេស្យា កម្មកុមារ និងរូបភាពអាសអាភាសកុមារនៅឆ្នាំ២០០២ អនុសញ្ញាលេខ១៣៨ស្តីពីការ កម្រិតអាយុ អប្បបរមា សម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩ អនុសញ្ញាលេខ១៨២ស្តីពីការហាមប្រាម និង សកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅឆ្នាំ២០០៥ និងអនុសញ្ញា ក្រុងឡាអេស្តីពីការការពារកុមារនិងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេសនៅឆ្នាំ២០០៧។ល។

អនុលោមតាមច្បាប់អន្តរជាតិនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងដោះ ស្រាយប្រកបដោយប្រសិទ្ធភាពលើវិស័យសុខុមាលភាពកុមារ តាមរយៈការដាក់ចេញឱ្យអនុវត្ត ច្បាប់គោលនយោបាយ និងផែនការសកម្មភាពជាតិ ដូចជាក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គម២០១៦-២០២៥ គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩ -២០២៩ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ ផ្សេងទៀត។

បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាដល់ប្រជាជនក្រីក្រងាយរងគ្រោះ ជាពិសេស កុមារកំព្រា និងកុមារងគ្រោះនៅតាមសហគមន៍ ដោយបង្កើននូវការយកចិត្តទុកដាក់ពង្រឹងគុណភាព និងបង្ខិតសេវាឱ្យទៅជិតជាមួយប្រជាជន តាមរយៈការបង្កើនល្បឿននៃការធ្វើវិមជ្ឈការផ្ទេរការទទួលខុសត្រូវ និងវិភាជន៍ថវិកាទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាបណ្តើរៗប្រកបដោយជំនឿទំនុកចិត្ត និងសុទិដ្ឋិនិយម។

ទន្ទឹមនឹងការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការជាតិជាច្រើនពាក់ព័ន្ធនឹងការលើកកម្ពស់និងការការពារសិទ្ធិកុមារ ក៏កុមារកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួននៅឡើយដូចជា អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ចនិងការជួញដូរកុមារ កុមារការប្រើប្រាស់គ្រឿងញៀននិងសារធាតុញៀន កុមារបម្លាស់ទី កុមាររងផលប៉ះពាល់ដោយការធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា កុមារកង្វះអាហារូបត្ថម្ភជាដើម ដែលតម្រូវឱ្យក្រសួង ស្ថាប័ន អាជ្ញាធរ អង្គការមិនមែនរដ្ឋាភិបាលវិស័យឯកជន សហគមន៍ ឪពុកម្តាយ រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ។

យោងតាមផែនការសកម្មភាពដែលបានគ្រោងទុកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនេះនឹងប្រើរយៈពេល ៣៦ខែ គឺ រយៈពេល០៣ឆ្នាំ។ ប៉ុន្តែដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ បានធ្វើឲ្យការរៀបចំច្បាប់នេះមានការយឺតយ៉ាវខុសពីការរំពឹងទុក។ តែទោះបីជាយ៉ាងនេះក្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងធ្វើការជាមួយក្រុមការងារបច្ចេកទេសអន្តរក្រសួង និងអ្នកពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីរៀបចំសេចក្តីព្រាងច្បាប់នេះ៕