(ភ្នំពេញ)៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុក «ផ្សព្វផ្សាយព្រះពុទ្ធសាសនា និងសង្គម» និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និងជាព្រះចៅអធិការវត្តគិរីធម្មរាជ ខេត្តកំពង់ឆ្នាំង និងជាប្រធានមូលនិធិមនុស្សធម៍ ដើម្បីសាសនានិងសង្គម បាននាំយកអំណោយរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចុះប្រគេនជូនវត្តចំនួន ៨វត្ត ក្នុងខេត្តផ្សេងៗគ្នា ដើម្បីទ្រទ្រង់ការកាន់បិណ្ឌទាំង១៥វេន។

វត្តដែលទទួលបានបច្ច័យកាន់បិណ្ឌទាំង៨វត្តរូមមាន៖ វត្តឧត្តមមុនី និងវត្តព្រះធាតុ ក្នុងខេត្តបាត់ដំបង, វត្តទឹកហូត និងវត្តគិរីធម្មរាជ ខេត្តកំពង់ឆ្នាំង, អាស្រមតាលះ ខេត្ត ព្រះសីហនុ, វត្តឈូក និងវត្តឧត្តរគីរីទួលអណ្តែត ខេត្តព្រះវិហារ និងវត្តពុទ្ធស្ថានធម្មចេតិយ ខេត្តពោធិ៍សាត់ ដោយក្នុងមួយវត្តទទួលបានបច្ច័យកាន់បិណ្ឌ ១,៥០០,០០០ រៀល។

នៅក្នុងឱកាសនាំយកបច្ច័យចុះប្រគល់ជូនតាមវត្ត នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា មានសង្ឃដីកាបញ្ជាក់ថា អំណោយ ប្រគេនជូនវត្តទាំង០៨នេះ បានមកពីសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមតាមរយៈមូលនិធិមនុស្សធម៍ ដើម្បីសាសនានិងសង្គម ដើម្បីចូលរួមជួយដល់ ព្រះសង្ឃ និងដើម្បីទ្រទ្រង់ការកាន់បិណ្ឌទាំង១៥វេន ជាពិសេសវត្តដែលកំពុងជួបប្រទះនូវជំងឺកូវីដ១៩ ដែលកំពុងត្រូវការចង្ហាន់។

ព្រះអង្គបានបន្តថា តាមរយៈមូលនិធិមនុស្សធម៍ដើម្បីសាសនា និងសង្គមនេះ ព្រះអង្គនឹងបន្តនាំយកអំណោយរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសនេះ ចុះប្រគល់ជូនវត្តផ្សេងៗឱ្យបានកាន់តែច្រើនវត្តបន្ថែមទៀត និងបានប្រគេនពរ បវរសួស្តីមហាប្រសើរដល់សប្បុរសជនទាំងអស់ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅសាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ នៅស្រុក កណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរ ជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២១នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែតុលា។

ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរ យើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៤រោច ខែភទ្របទ ជាពិធីមួយសម្រាប់ ឧទ្ទិសកុសល ទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅ។ នៅក្នុងរយៈពេល ១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេស ក្រុមនីមួយៗ ដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះត្រូវបែងចែកចេញ ៣ ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ (បបរ) ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយ ដើម្បីប្រមូលនំរៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់ព្រះសង្ឃសូត្រថ្វាយបង្គំព្រះ និង ធម៌បរាភវ៕