(ភ្នំពេញ)៖ មន្ត្រីនគរបាលដែលបាញ់សម្លាប់បុរសជាងកាត់សក់ម្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២០ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ និងពិន័យជាទឹកប្រាក់ឲ្យសងទៅជនរងគ្រោះចំនួន១៥ម៉ឺនដុល្លារ។ នេះបើយោងតាមសាលក្រមរបស់តុលាការ ដែលប្រកាសកាលពីដើមខែសីហា ឆ្នាំ២០២១។ តែទោះជាយ៉ាងណា ជនដៃដល់មិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននោះទេ។

តាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ថា ករណីនេះសមត្ថកិច្ចនៅតែបន្តការស្រាវរហូតដោយពុំមានការបោះបង់នោះទេ។ លោកថា «លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់បទបទបញ្ជាឲ្យកងកម្លាំងនគរបាលតាមស្រាវជ្រាវចាប់ជនដៃ គឺមិនឲ្យរួចខ្លួននោះទេ»

ជនដៃដល់មានឈ្មោះ លី ថារិយ អាយុ៣០ឆ្នាំ ហើយមានអតីតភាពជាមន្ត្រីនគរបាលខណ្ឌដូនពេញ។ ក្រោយមកព្រោះការប្រព្រឹត្តខុសនឹងវិន័យ ក៏ត្រូវបានដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ។ ដោយឡែកជនរងគ្រោះមានឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរកាត់សក់។

សូមបញ្ជាក់ថា នៅម៉ោងជាង ១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់ជាជាងកាត់សក់ ត្រូវបានអ្នកជិតខាងបាញ់មួយគ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន ស្ថិតនៅចំហៀងសាលារៀនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះប្រាប់ភ្នាក់ងារ Fresh News ដែលផ្សាយផ្ទាល់ឱ្យដឹងថា មុនពេលកើតហេតុស្វាមីរបស់ខ្លួនបានអង្គុយផឹកស៊ីជាមួយមិត្តភក្តិនៅមុខផ្ទះ។ រហូតដល់ម៉ោងជាង ១០យប់ក៏រៀបចំនឹង ចូលផ្ទះស្រាប់តែឮសំឡេងឈ្លោះគ្នា ជាមួយនឹងបុរសម្នាក់ដែលស្គាល់ថាជាអ្នកជិតខាង តែពេលគាត់ចេញមកមើលឃើញជនដៃដល់បាញ់សម្លាប់ប្តីរបស់គាត់តែម្តង។

ស្ត្រីភរិយាជនរងគ្រោះបន្តថា ក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមកជនដៃដល់បានដកកាំភ្លើងពីចង្កេះបាញ់លើស្វាមីរបស់ខ្លួនបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមតែម្តង។ បន្ទាប់ពីបាញ់ប្រហារហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។

ការស្លាប់របស់ជនរងគ្រោះ បន្សល់កូនស្រី៤នាក់នៅតូចៗនៅឡើយឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ, កូនស្រីទី២ អាយុ ៩ឆ្នាំ, កូនស្រីទី៣ អាយុ៥ឆ្នាំ, កូនស្រីទី៤ អាយុ១ឆ្នាំ៕