(ភ្នំពេញ)៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៨ គណៈកម្មការកិច្ចការបរទេស នៃសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ស្តីពី «ការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

តាមសេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា នៅក្នុងពិធីបើកអង្គសន្និសីទ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញនេះ នឹងមានការអញ្ជើញចូលរួមជាអធិបតីភាពដោយ លោកស្រី យួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នឹងដឹកនាំអង្គសន្និសីទ ដែលមានគណៈប្រតិភូ គណៈកម្មការកិច្ចការ បរទេស រដ្ឋសភា នៃប្រទេស ទាំងបី កម្ពុជា-ឡាវ-វៀតណាម គណៈកម្មាធិការសម្របសម្រួលរួម អនុគណៈកម្មការនានា នៃតំបន់ត្រីកោណ អភិវឌ្ឍន៍ CLV-DTA កម្ពុជា-ឡាវ-វៀតណាម ព្រមទាំងអាជ្ញាធរខេត្តជាប់ព្រំដែន នៃប្រទេសទាំងបីចូលរួមផងដែរ។

សន្និសីទលើកទី៨ គណៈកម្មការកិច្ចការបរទេស នៃសភាកម្ពុជា-ឡាវ-វៀតណាម មានគោលបំណង ពង្រឹងភាពជាដៃគូ និងទំនាក់ទំនងមិត្តភាពជាប្រពៃណី នៃសភាប្រទេសទាំងបី ព្រមទាំងពន្លឿនការស្ដារ ឡើងវិញនូវសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ពីផលប៉ះពាល់នវិបត្តិកូវីដ-១៩៕