(ភ្នំពេញ)៖ នៅសាលប្រជុំ B សាលាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខណ្ឌឬស្សីកែវ អាណត្តិទី៣ បានបើកកិច្ចប្រជុំ វិសាមញ្ញលើកទី៤របស់ខ្លួន ដែលបានរៀបចំធ្វើឡើង ក្រោមវត្តមានលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ និងអស់លោក-លោកស្រីអភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ និងប្រធានតាមបណ្ដារការិយាល័យជុំនាញរដ្ឋបាលខណ្ឌទាំង១១ ជាមួយនិងក្រុមលេខាធិការ សរុប៣៤នាក់ ដោយលើកឡើង ពីរបៀបវារៈមួយចំនួន ដើម្បីពិភាក្សា និងអនុម័ត។

ក្នុងកិច្ចប្រជុំនេះ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ បានលើកឡើងថា ក្រុមប្រឹក្សាខណ្ឌ បើកកិច្ចប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៣នេះ ដើម្បីលើកឡើងនូវរបៀបវារៈ មួយចំនួន មកពិភាក្សា រួមមាន៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើក៣ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័ត សេចក្តីព្រាងឆ្លងរបាយការណ៍របស់រដ្ឋបាលខណ្ឌប្រចាំខែ ពិនិត្យនិងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ លើការផ្តល់សេវារដ្ឋបាល ជាមួយនិងបញ្ហាផ្សេង៕