(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារចាប់ពីអាយុ៦ឆាំ្ន ដល់ក្រោម១២ឆ្នាំ នៅតាមក្រុង ស្រុកទាំង៨ ដែលនឹងចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីបង្កើតភាពស៊ាំ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបន្ដថា សម្រាប់យុទ្ធនាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅតាមបណ្តាក្រុង ស្រុកទាំង០៨ នៃខេត្ត ស្វាយរៀង ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១តទៅ ចាប់ពីម៉ោង ៧៖៣០ នាទីព្រឹក ដល់ម៉ោង ១១៖៣០នាទី និងពីម៉ោង១រសៀល ដល់ម៉ោង៤រសៀល ជារៀងរាល់ថ្ងៃរហូតដល់បញ្ចប់ យុទ្ធនាការជាស្ថាពរនៅតាមទីតាំង និងតាមវេន កាលបរិច្ឆេទ ដែលរៀបចំដោយរដ្ឋបាល ក្រុង ស្រុក មានដូចខាងក្រោម៖

*ទី១៖ ក្រុងស្វាយរៀង មន្ទីរពេទ្យបង្អែកខេត្ដ។
*ទី២៖ ក្រុងបាវិត មន្ទីរពេទ្យបង្អែកជីភូ។
*ទី៣៖ ស្រុកកំពង់រោទិ៍ មណ្ឌលសុខភាពញរ។
*ទី៤៖ ស្រុកស្វាយទាប មន្ទីរពេទ្យបង្អែកស្វាយទាប។
*ទី៥ ស្រុករំដួល មណ្ឌលសុខភាពថ្នាធ្នង់។
*ទី៦៖ ស្រុកចន្ទ្រា មណ្ឌលសុខភាពមេសរថក។
*ទី៧៖ ស្រុកស្វាយជ្រំ មណ្ឌលសុខភាពតាសួស, មណ្ឌលសុខភាពអង្គតាសូ, មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ ឈើទាល។
*និងទី៨៖ ស្រុករមាសហែក ទីតាំងអតីតសាលាស្រុករមាសហែក, មណ្ឌលសុខភាពអំពិល និងមណ្ឌលសុខភាពអង្គប្រស្រែ។

បន្ថែមពីនេះទៀត រដ្ឋបាលខេត្តអំពាវនាវដល់ប្រជាពលរដ្ឋ ឬអាណាព្យាបាលត្រូវជូនកូនមកទទួលចាក់វ៉ាក់សាំង និងសូមយកភ្ជាប់ ជាមួយនូវសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅគ្រួសារ។

ទន្ទឹមនេះដែរ រដ្ឋបាលខេត្ដ បានបញ្ជាក់ថា មុនពេលជូនកូនទៅចាក់វ៉ាក់សាំងចំពោះកូនៗដែលមានបញ្ហាសុខភាព ដូចជា៖ ក្តៅខ្លួន ក្អក កណ្ដាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងទៀត សូមទៅពិនិត្យសុខភាពជាមុនសិន ជៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត និងសូមប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដស្វាយរៀង៖