(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រគល់សម្ភាររបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការពារជំងឺឆ្លងកូវីដ១៩ ជូនដល់នាយកសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ទូទាំងខេត្តកំពង់ចាម។

សូមបញ្ជាក់ថា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន១២៤ ទូទាំងខេត្តកំពង់ចាម ដែលត្រូវបើកសិស្សចូលរៀនវិញ នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ទទួលបានសម្ភារសម្រាប់ការពារជំងឺឆ្លងកូវីដ១៩ ផ្ដល់ជូនដោយរដ្ឋបាលខេត្តកំពង់ចាម នាពេលនោះ ដោយក្នុង១សាលាទទួលបាន៖ ម៉ាស់ចំនួន១,០០០ម៉ាស់, អាល់កុល៣០លីត្រ, សាប៊ូលាងដៃចំនួន ១៥ដុំ។

ជាមួយគ្នានោះដែរ សាលាដែលរដ្ឋបាលខេត្តបានយកមកធ្វើជាកន្លែងចត្តាឡីស័ក សរុបចំនួន ២២សាលា លោកអភិបាលខេត្ត បានឧបត្ថម្ភក្នុងមួយសាលាទទួលបានថវិកា១លានរៀល។ ដោយឡែកចំពោះវិទ្យាល័យសីហនុ ដែលយកមកធ្វើជាមន្ទីរព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ត្រូវបានឧបត្ថម្ភថវិកា ២លានរៀល ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ជានាយកវិទ្យាល័យអនុវិទ្យាល័យទាំងអស់ ត្រូវណែនាំដល់សិស្សានុសិស្ស ឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យជៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕