(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង និងក្រុមការងារមន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យ ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល និងនៅទីឆ្ងាយៗពីទីប្រជុំជន ដោយបាននាំយកវ៉ាក់សាំងទៅចាក់ជូនពួកគាត់ដល់លំនៅដ្ឋានផ្ទាល់តែម្តង។

ជាក់ស្តែងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ នៅបរិវេណសាលាបុណ្យភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ បាននាំយកវ៉ាក់សាំងទៅដល់មូលដ្ឋានផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ តាមគោលការណ៍ស្ម័គ្រចិត្ត ហើយមិនបង់ថ្លៃនោះឡើយ។

លោក វ៉ី សំណាង បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន បានខិតខំស្វះស្វែងរកវ៉ាក់សាំង មកចាក់បងប្អូនប្រជាពលរដ្ឋឥតគិតថ្លៃ ហើយសម្ដេចមិនខ្លាចការនឿយហត់ក្នុងការលះបង់គ្រប់បែបយ៉ាង ដើម្បីសុខភាពប្រជាពលរដ្ឋឡើយ។ «កាយវិការដ៏ប្រពៃនេះអាចសបញ្ជាក់បានថា សម្ដេចតេជោ បានគិតគូរគ្រប់ជ្រុងជ្រោយពីសុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋផងដែរ»

តែទោះយ៉ាងណា លោកអភិបាលខេត្ត ក៏បានដាស់តឿនផងដែរថា បើទោះបងប្អូនចាក់វ៉ាក់សាំងហើយក៏ដោយក៏ចុះ តែសូមឱ្យបងប្អូនប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាល «៣កុំ និង៣ការពារ» ទើបយើងទាំងអស់គ្នាផុតពីជំងឺកូវីដ-១៩៕