(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអញ្ជើញទទួលជំនួយជាសម្ភារការពារ ទប់ស្កាត់ និងឆ្លើយតបការត្បាតជំងឺកូវីដ១៩ ពីក្រុមហ៊ុនចំនួន៣ រួមមាន៖ ក្រុមហ៊ុន LHR Asean Investment Co.,Ltd, ក្រុមហ៊ុន CC blue Sea Travel Tour Co.,Ltd និងក្រុមហ៊ុន KN Marble Co.,Ltd។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ លោកឧកញ៉ា ឡេង ហួរ ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនទាំង៣។

សម្រាប់សម្ភារដែលក្រុមហ៊ុនទាំង៣ បានផ្ដល់ជូនក្រសួងសុខាភិបាល រួមមាន៖
១៖ ម៉ាស៊ីនប្លូស៊ី ចំនួន ២៥,០០០
២៖ ទឹកសម្លាប់មេរោគ LH Clean Anolyte ចំណុះ៥លីត្រ ចំនួន៣០០ពីដុង ស្មើនឹង១,៥០០លីត្រ និងចំណុះ ៥០ពីដុង ស្មើនឹង១,៥០០លីត្រ
៣៖ ស្ព្រាយដបទឹកសម្លាប់មេរោគចំណុះ០.៥លីត្រ ចំនួន២៤០ដប,
៤៖ ទឹកបរិសុទ្ធប្លូស៊ី អង់ទីអុកស៊ីដង់ ចំនួន២៣០កេស (ចំណុះ ៥០០មីលីលីត្រ ចំនួន២០០កេស និងចំណុះ១,៥០០មីលីលីត្រ ចំនួន ៣០កេស)
៥៖ ម៉ាស៊ីនផ្សែងសម្លាប់មេរោគចំនួន ៦០គ្រឿង ( ម៉ាស៊ីនធំចំនួន ២០គ្រឿង និងម៉ាស៊ីនតូចចំនួន ៤០គ្រឿង)។

ក្នុងឱកាសនោះ លោកឧកញ៉ា ឡេង ហួរ បានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខា្លចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក៏ដូចជាការការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។

លោកបន្ដថា «ដូច្នេះហើយដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ ខ្ញុំ និងក្រុមហ៊ុន ក៏បាននាំយកនូវសម្ភារដ៏សំខាន់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ ជូនរាជរដ្ឋាភិបាល ក៏ដូ ចជាក្រសួងសុខាភិបាល។ កន្លងមក ក្រុមហ៊ុនយើង ក៏បាននាំយកនូវម៉ាស៊ីន និងសម្ភារទាំងនេះ ជូនដល់ក្រុមការងារជួរមុខ ដែលការពារសុខភាពរបស់ប្រជាជនកម្ពុជាយើងផងដែរ»

ទន្ទឹមនឹងនោះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ ក៏បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោកឧកញ៉ា និងក្រុមហ៊ុនទាំង៣ ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ១៩។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែល យើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕