(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យ និងសហការណ៍ជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នាំយករថយន្ដបូមទឹកលូដែលស្ទះចេញភ្លាមៗ និងបណ្ដាលឱ្យទឹកហូរស្រកទៅវិញ ត្រឹមប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ ដើម្បីរំដោះការលិចលង់បន្ទាប់ពីលោកទទួលបានសំណូមពរតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឱ្យជួយរកដំណោះស្រាយដោយសារទឹកភ្លៀងជន់លិចផ្លូវ ពីសំណាក់ប្រជាពលរដ្ឋ។

សកម្មភាពរបស់លោកអភិបាលខណ្ឌឫស្សីកែវ ក្នុងការស្ដារ និងបូមលូដែលស្ទះ ដោយសារកាកសំណល់សំរាម និងជំនន់ទឹកភ្លៀងលិចផ្លូវ ដើម្បីដោះស្រាយសំណូមពរជាក់ស្ដែង ជូនប្រជាពលរដ្ឋនេះ ក៏មានការចូលរួមផងដែរ ពីលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ និងមន្ត្រីមួយចំនួនទៀត និងបានអនុវត្តឡើងភ្លាមៗ ស្ថិតនៅចំណុចជិតផ្ទះក្រហម ក្នុងភូមិចុងខ្សាច់ និងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

លោក ឯក ឃុនដឿន នៅតែបន្តជុំរុញឱ្យអាជ្ញាធររួមគ្នាធ្វើយ៉ាងណាយកចិត្តទុកដាក់លើការដោះស្រាយទៅតាមលទ្ធភាព ចំពោះបញ្ហាសំណូមពរផ្សេងៗ និងបន្ទាប់ពីទទួលបានសំណូមពរឱ្យជួយរកដំណោះស្រាយជូន ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាការផ្តល់សេវា ដោយធានាធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព ដើម្បីឆ្លើយតបតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕