(កណ្ដាល)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអង្គស្នួល បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យចំនួន៣ នៃស្រុកអង្គស្នួល៖ វិទ្យាល័យ ហ៊ុនសែន អង្គស្នួល, វិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរគ្រី និងវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃដំបូងនៃការបើកសាលារៀនឡើងវិញ ក្នុងខេត្តកណ្តាល បន្ទាប់ពីត្រូវបានបិទមួយរយៈ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

លោក សុខ ចិន្តាសោភា បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ ក្នុងការគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ១៩។ ជាក់ស្តែងការអាចបើកដំណើរការឡើងវិញ នៃសាលារៀននាថ្ងៃនេះ បានមកពីជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលរហូតមកដល់ពេលនេះ អត្រាប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងមាន៧២% នៃប្រជាជនសរុបចំនួន១៦លាននាក់ ក្នុងនោះកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំបានទទួលការចាក់វ៉ាក់សាំង៨៨% នៃចំនួនគោលដៅប្រមាណ២លាននាក់។

លោកបានលើកទឹកចិត្តឱ្យក្មួយៗ សិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ពិសេសក្មួយៗថ្នាក់ទី១២ ដើម្បីទទួលបានជោគជ័យ ក្នុងការប្រឡងក្រោមពាក្យស្លោកថា «អ្នករៀនគឺចេះ អ្នកចេះគឺជាប់»

ជាការលើកទឹកចិត្តលោក សុខ ចិន្ដាសោភា បានសន្យានឹងបន្តផ្តល់កុំព្យូទ័រ និងរៀបចំវគ្គសិក្សាជំនាញព័ត៌មានវិទ្យា ដល់សាលារៀនទាំងអស់នៅទូទាំងស្រុកអង្គស្នួល។ ទន្ទឹមនេះលោកបានក្រើនរំលឹកសិស្សានុសិស្ស បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «បីកុំ បីការពារ» ដើម្បីចៀសឆ្ងាយផុតពីជំងឺកូវីដ១៩ បើទោះបីក្មួយៗបានចាក់វ៉ាក់សាំងរួចក្តី។
ក្នុងនោះលោកបានពាំនាំសម្ភារៈបរិក្ខារមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជូនដល់សាលារៀនដែលបើកដំណើរការឡើងវិញ នៅទូទាំងស្រុកអង្គស្នួលរួមមាន៖ អាល់កុល ម៉ាស់ ម៉ាស៊ីនវាស់កម្តៅ និងឧបករណ៍តេស្តកូវីដរហ័ស។

វិទ្យាល័យ ហ៊ុនសែន ថ្នល់ទទឹង បានមានកិត្តិយសទទួលដំណើរទស្សនកិច្ច របស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ដែលឆ្លៀតឱកាសមមាញឹកជួបសំណោះសំណាល ជាមួយលោកគ្រូអ្នកគ្រូ ដើម្បីស្វែងយល់ដោយផ្ទាល់ពី ការអនុវត្តវិធានការការពារការរាតត្បាតជំងឺកូវីដ១៩ នៅតាមថ្នាក់រៀន៕