(ពោធិ៍សាត់)៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីតាមបណ្តាផែនការងារជំនាញ នៃស្នងការដ្ឋានននគរបាលខេត្ត និងលោក ប៊ុង តាំងទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ និងក្រុមយុវជនខេត្តពោធិ៍សាត់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលកំពុងជួបនូវការខ្វះខាត ក្នុងអំឡុង នៃការរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស ក៏ដូចជានៅទូទាំងសកលលោក។ ពិធីចែកអំណោយធ្វើឡើង នៅក្នុងបរិវេណវត្តថ្មី ស្ថិតនៅក្នុងភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកឧត្តមសេនីយ៍ស្នងការ ស ថេង និងលោកព្រះរាជអាជ្ញារង ប៊ុង តាំងទី បានសំណេះសំណាលសាកសួរសុខទុក្ខ និងបានប្រគល់អំណោយ ចែកជូនដល់ប្រជាពលរដ្ឋ ជាង១០០គ្រួសារ ដោយក្នុងមួយ គ្រួសារៗ ទទួលបានថវិកា ចំនួន២ម៉ឺនរៀល អង្ករ មី ទឹកត្រី និងទឹកស៊ីអ៊ីវ ដែលក្នុងនោះមានការជួយឧបត្ថម្ភពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងលោក យន់ សុផាត អគ្គនាយកក្រុមហ៊ុន ហ៊ុយ យន់ អេគ្រីខលឈ័រ (Huy Yun Agriculture Co...Ltd) បានឧបត្ថម្ភថវិកាចំនួន៤លានរៀលផងដែរ ដើម្បីដោះស្រាយជីវ:ភាពគ្រួសារប្រជាពលរដ្ឋដែលកំពុងខ្លះខាត។

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តពោធិ៍សាត់ បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា បើទោះបីជាអំណោយទាំងនេះមានចំនួនតិចតួចក្តី ប៉ុន្តែវាជាការបង្ហាញនូវក្តីស្រលាញ់ ចេះរួមសុខទុក្ខរវាងថ្នាក់ដឹងនាំយើង កងកម្លាំងនគរបាល និងប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន។

សូមជម្រាបជូនផងដែរថា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ សប្បុរសជន ដែលមានលោក យន់ សុផាត អគ្គនាយកក្រុមហ៊ុន ហ៊ុយ យន់ អេគ្រីខលឈ័រ បានមានកិតិ្តយស ចូលជួបសម្តែងការគួរសម និងសំណេះសំណាល ជាមួយឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងបានចុះពិនិត្យការដ្ឋានសាងសង់អាគារដ្ឋបាលអន្តរាគមន៍ និងបានប្រគល់ទឹកប្រាក់មួយចំនួន សម្រាប់ទិញគ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសារក្រីក្រខ្វះខាតបន្ថែមផងដែរ៕