(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹង ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅទូទាំងខេត្ត។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារទូទាំងខេត្តនេះ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលគ្រប់រូបនាំបុត្រធីតា ឬសាច់ញាតិដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុ១២ឆ្នាំមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅទីតាំង និងពេលវេលាដែលបានកំណត់ ដោយត្រូវយកមកជាមួយនូវឯកសារដូចជាសំបុត្រកំណើត សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន និងត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់៖

*មាតាបិតា និងអាណាព្យាបាល។ ក្នុងករណី កុមារ នោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬអាណាព្យាបាល តម្រូវឱ្យមាតាបិតា ឬអាណាព្យាបាលបំពេញនូវលិខិតព្រមព្រៀងនេះជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកបុត្រធីតា ឬសាច់ញាតិដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់អ្នកគ្រប់គ្រងចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌល។

*ក្នុងករណីកុមារ នោះជាជនអនាថាដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដត្រូវមានលិខិតបញ្ជាក់ចេញដោយអាជ្ញាធរមូលដ្ឋាន៕