(បាងកក, ប្រទេសថៃ)៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បានបង្ហាញបំណងចង់ឱ្យបង្កើតក្រុមការងារខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលករខ្មែរដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃ។

បំណងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងក្នុងពេលរូបលោក ជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ នៅវិមានរដ្ឋាភិបាលថៃ។

នៅក្នុងជំនួបនេះ លោកបណ្ឌិត សុខ សុក្រឹត្យា និងលោករដ្ឋមន្ត្រីសុខាភិបាលថៃ បានជជែកលើការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងសិក្សានៅក្នុងប្រទេសថៃ។ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើរដ្ឋាភិបាល ជួយចាក់វ៉ាក់សាំងជូនពលករចំណាកស្រុក និងនិស្សិតកម្ពុជា កំពុងរស់នៅប្រទេសថៃឲ្យបានគ្រប់ៗគ្នា។

បើតាមលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បច្ចុប្បន្នពលករខ្មែរដែលរស់នៅប្រទេសថៃទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណ ៥២,០០០នាក់។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា រដ្ឋាភិបាលថៃ បានយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ជូនគ្រប់ជាតិសាសន៍ដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃ។ ពាក់ព័ន្ធការចាក់វ៉ាក់សាំងជូនពលករខ្មែរនេះ លោករដ្ឋមន្ត្រីសុខាភិបាល ចង់ឱ្យបង្កើតក្រុមការងាររវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីចាក់វ៉ាក់សាំងជូនពលករខ្មែរបានលឿន និងមិនលំបាកក្នុងការធ្វើដំណើរចូលមកក្នុងប្រទេសកម្ពុជាវិញ។

នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃអំពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពយ៉ាងពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

លោកក៏បានជម្រាបពីការទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace របស់សម្តេចតេជោ ហ៊ុន សែន ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ របស់ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។

ទីប្រឹក្សាសម្តេចតេជោ ក៏បានជម្រាបពីជោគជ័យដ៏ធំមួយទៀតរបស់កម្ពុជា លើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាជោគជ័យលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងសម្រេចបានជាង ១១លាននាក់ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានរំលឹកពីទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា-ថៃ និងការជឿជាក់លើវិស័យសុខាភិបាលថៃពីសំណាក់ប្រជាជនកម្ពុជា ដែលនៅតែបន្តទៅព្យាបាលជំងឺនៅប្រទេសថៃ ទោះបីជាក្នុងអំឡុងពេលកូវីដ-១៩ កំពុងរាតត្បាតក៏ដោយ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ ក៏បានថ្លែងអំណរគុណ និងសម្តែងសេចក្តីសោមនស្សរីករាយដែលបានជួបតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ និងសូមផ្តាំផ្ញើសេចក្តីនឹករលឹកជូនសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានសម្តែងការកោតសរសើរចំពោះវិធានការដោះស្រាយវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។

ចំពោះការគ្រោងបើកប្រទេសទទួលទេសចរអន្តរជាតិនៅត្រីមាសទី៤ ឆ្នាំ២០២១ របស់កម្ពុជា ឧបនាយករដ្ឋមន្ត្រីថៃ បានបង្ហាញការគាំទ្រ និងមានសុទិដ្ឋិនិយមថា កម្ពុជា គឺជាប្រទេសឈានគេមុខក្នុងតំបន់អាស៊ាន ដែលមានវិធានសុវត្ថិភាពច្បាស់លាស់ក្នុងការបើកទទួលទេសចរអន្តរជាតិ។ លោកសង្ឃឹមជឿជាក់ថា នឹងទទួលបានទេសចរអន្តរជាតិយ៉ាងច្រើនមកកម្ពុជា ព្រោះប្រជាជននៅលើពិភពលោកកំពុងស្ត្រេសនៅក្នុងការបិទខ្ទប់អស់រយៈពេលជាច្រើនខែមកហើយ។

សូមបញ្ជាក់ថា នៅក្នុងជំនួបខាងលើនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានបានស្នើឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលើកិច្ចការសំខាន់ៗចំនួន៣រួមមាន៖
១៖ ពង្រឹង និងបង្កើនចំណងមិត្តភាពរវាងកម្ពុជា-ថៃ ឱ្យកាន់តែល្អប្រសើរ និងស្អិតរមួតថែមទៀត ទាំងទំនាក់ទំនងកិច្ចការរាជរដ្ឋាភិបាល និងកិច្ចការគណបក្ស។
២៖ បន្តជំរុញ និងលើកកម្ពស់កិច្ចសហការគ្នាឱ្យកាន់តែជិតស្និទ្ធ និងកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេស ជំនួយទៅវិញទៅមកផ្នែកសុខាភិបាល។
៣៖ ស្នើបន្តផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីកម្ពុជា លើជំនាញវិជ្ជាជីវៈសុខាភិបាល និងការហ្វឹកហាត់នៅតាមមន្ទីរពេទ្យធំៗនៃប្រទេសថៃ។ ជាពិសេសអាហារូបករណ៍ព្រះអម្ចាស់ក្សត្រី មហាចក្រីសិរិនថន និងអាហារូបករណ៍របស់រាជរដ្ឋាភិបាលថៃតាមរយៈក្រសួងការបរទេសជាដើម៕