(សៀមរាប)៖ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីរបស់ព្រះពុទ្ធសាសនាដ៏ធំមួយ និងមានសារៈសំខាន់បំផុត សម្រាប់សាសនិកជន ដែលកាន់ព្រះពុទ្ធសាសនា ហើយបុណ្យនេះជារៀងរាល់ឆ្នាំ តែងប្រារព្ធធ្វើឡើងនៅចុងខែកញ្ញា។

ក្នុងកាលៈទេសៈជំងឺកូវីដ១៩ កំពុងបន្តមានវត្តមាននេះ រដ្ឋបាលខេត្តសៀមរាប បានណែនាំគ្រប់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារបុណ្យខាងលើ ឱ្យបានជ្រួតជ្រាបទូលំទូលាយ និងបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលឱ្យមន្ត្រីរាជការក្រោមឱវាទ ជាពុទ្ធបរិស័ទ បានចូលរួមបំពេញបុណ្យកុសលជាប្រពៃណី នៅតាមវត្តអារាម ឬនៅតាមអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំឪពុកម្ដាយបងប្អូនជីដូនជីតាតាមបំណងប្រាថ្នា។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាប បានណែនាំ និងអប់រំយុវជន យុវនារី កុមារា កុមារី ដែលចូលរួមក្នុងការដង្ហែអង្គកឋិនទាន ឱ្យបានយល់ពីតម្លៃនៃពិធីបុណ្យដ៏ឧត្តមឧត្តមនេះ ហើយចេះធ្វើខ្លួនឱ្យសក្កិសមជាពុទ្ធសាសនិកជន ដ៏ល្អពិតប្រាកដ ដោយមិនបង្កសកម្មភាពនាំឱ្យប៉ះពាល់កិត្តិយសព្រះពុទ្ធសាសនា ដូចជាការគប់ស្បោងទឹក ជះទឹក គប់អំពៅ គប់ផ្លែឈើ និងគប់វត្ថុរឹងផ្សេងៗ ធ្វើឲ្យខូចរបៀបរៀបរយ បាត់នូវសណ្ដាប់ធ្នាប់សង្គម នឹងអាចបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

រដ្ឋបាលខេត្តក៏ណែនាំឱ្យចេះតុបតែងលម្អទង់ជាតិ ទង់ក្អែប បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌នៅតាមសួនច្បារ ទីសាធារណៈ និងលំនៅដ្ឋានប្រជាពលរដ្ឋ។

ដោយឡែកមន្ទីរព័ត៌មាន ត្រូវណែនាំដល់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនក្នុងខេត្ត អ្នកយកព័ត៌មានតាមដានស្វែងយល់ ស្រាវជ្រាវប្រវត្តិក្នុងខ្លឹមសារ សកម្មភាពនៃពិធីបុណ្យប្រពៃណី និងរបៀបរបបស្លៀកពាក់ ក៏ដូចជាអាកប្បកិរិយា ឫកពាសុភាពរាបសារ ដែលត្រូវប្រកាន់យកក្នុងពេលចូលរួមពិធីបុណ្យនេះ។ ជាពិសេសនៅក្នុងទីវត្តអារាម ព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក្នុងរយៈពេលប្រារព្ធពិធីបុណ្យទាំងពីរ។

ក្នុងលិខិតនោះក៏បានបញ្ជាក់ទៀតថា មន្ទីរធម្មការ និងសាសនា ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន តាមប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ជាតិ ដោយសទ្ធាជ្រះថ្លា តាមពេលវេលាកំណត់។ គ្រប់វត្តអារាម ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ «៣កុំ ៣ការពារ» ដើម្បីចូលរួមទប់ស្កាត់ ការរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕