(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រគល់ម៉ាសចំនួន ៦០កេស (ស្មើនឹង ២១ម៉ឺនម៉ាស់) ជូនដល់មន្ទីរពេទ្យចំនួន៣ នៅរាជធានីភ្នំពេញ ក្នុងនោះមានមន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមន្ទីរពេទ្យនីមួយៗទទួលបាន ម៉ាសចំនួន ២០កេស (ស្មើនឹង ៧ម៉ឺនម៉ាស)។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យ ដែលជាវីរជនជួរមុខ មានភាពឈ្លាសវៃក្នុងការគ្រប់គ្រង និងទប់ស្កាត់បានការចម្លងមេរោគកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ។

ទន្ទឹមនឹងនោះ លោកស្រីបានជូនពរថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យ សូមមានសុខភាពល្អរឹងមាំ មានសុវត្ថិភាព និងចៀសឆ្ងាយពីជំងឺនានា ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកជំងឺទាំងឡាយ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

តំណាងមន្ទីរពេទ្យ ដែលអញ្ជើញមកទទួលម៉ាស ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់សម្ភារដ៏មានសារសំខាន់នេះជូនដល់មន្ទីរពេទ្យ ដើម្បីប្រើប្រាស់ក្នុងតម្រូវការចាំបាច់បំផុតនាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ ប្រភពអំណោយម៉ាសខាងលើនេះ ជាជំនួយរបស់សមាគមមូលនិធិសប្បុរសធម៌ក្វាងទុងនៅកម្ពុជា៕