(សៀមរាប)៖ ឃុំចំនួន៣ ស្ថិតក្នុងតំបន់លឿងទុំ នៃស្រុកសូទ្រនិគម ទទួលបានអំណោយពីរដ្ឋបាលខេត្តសៀមរាប។

ក្នុងពិធីចែកអំណោយដល់ពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បញ្ជាក់ថា ឃុំចំនួន៣ ដែលទទួលអំណោយពីរដ្ឋបាលខេត្តសៀមរាប រួមមាន ឃុំកៀនសង្កែ ឃុំដានរុន និងឃុំកំពង់ឃ្លាំង។ អំណោយនៅពេលនេះ គឺដើម្បីដោះស្រាយជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះអំឡុងពេលបិទខ្ទប់ និងពិបាកដល់ជីវភាពប្រចាំថ្ងៃ។

គ្រឿងឧបភោគ និងសម្ភារ ដែលរដ្ឋបាលខេត្តប្រគល់ជូន ៣ឃុំ រួមមានក្នុងមួយឃុំទទួលបាន៖

ទី១៖ ឃុំកៀនសង្កែ មាន ៦គោលដៅនៃតំបន់បិទខ្ទប់ តំបន់លឿងទុំ ទទួលបាន៖ ម៉ាស់ចំនួន ២៤ប្រអប់ មីជាតិចំនួន ៦កេស មីខ្លាឃ្មុំចំនួន ២កេស អង្ករចំនួន ៦០០គីឡូក្រាម ទឹកត្រីចំនួន ៥យួរ និងទឹកស៊ីអ៉ីវចំនួន ៥យួរ។

ទី២៖ ឃុំដានរុន មាន ៥គោលដៅនៃតំបន់បិទខ្ទប់ តំបន់លឿងទុំ ទទួលបាន៖ ម៉ាស់ចំនួន ១៦ប្រអប់ មីជាតិចំនួន ៤កេស មីខ្លាឃ្មុំចំនួន ២កេស អង្ករចំនួន ៤៥០គីឡូក្រាម ទឹកត្រីចំនួន ៥យួរ និងទឹកស៊ីអ៉ីវចំនួន ៥យួរ។

ទី៣៖ ឃុំកំពង់ឃ្លាំង មាន ២គោលដៅនៃតំបន់បិទខ្ទប់ តំបន់លឿងទុំ ទទួលបាន៖ ម៉ាស់ចំនួន ១០ប្រអប់ មីជាតិចំនួន ៤កេស មីខ្លាឃ្មុំចំនួន ២កេស អង្ករចំនួន ៤៥០គីឡូក្រាម ទឹកត្រីចំនួន ៥យួរ និងទឹកស៊ីអ៉ីវចំនួន ៥យួរ។

សូមរំលឹកផងដែរថា រដ្ឋបាលខេត្តសៀមរាប បានដាក់ឃុំកៀនសង្កែ ឃុំដានរុន ឃុំកំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម ជាតំបន់ «តំបន់លឿងទុំ» នៅថ្ងៃទី ៧ ខែកញ្ញា រហូតដល់ ថ្ងៃទី២០ ខែកញ្ញា ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តស្រុកនេះ៕