(ស្វាយរៀង)៖ អាជ្ញាធរខេត្តស្វាយរៀង បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមអនុវត្តតាមវិធានការសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន បន្ទាប់ក្រុមគ្រូពេទ្យបានធ្វើតេស្តលើបុគ្គលិកក្រុមហ៊ុន M.M production ចំនួន១៥នាក់ វិជ្ជមានជំងឺកូវីដ១៩ នាថ្ងៃទី១៤ ខែកញ្ញា នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ទោះបីយ៉ាងណាបើតាមការបញ្ជាក់ពីអាជ្ញាធរខេត្តស្វាយរៀង សព្វថ្ងៃនៅខេត្តស្វាយរៀង នៅតែមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ប៉ុន្តែមិនច្រើនដូចកាលពីប៉ុន្មានខែមុននោះទេ តួយ៉ាងដោយសារប្រជាពលរដ្ឋនៅក្នុងខេត្ត បានចូលរួមអនុវត្តកាតព្វកិច្ចក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានច្រើនដែលធ្វើឱ្យស្ថានភាពការឆ្លងជំងឺកូវីដនេះ គឺមានការធូរស្រាលបន្តិច តែសូមចូលរួមអនុវត្តវិធានការសុខាភិបាល ឱ្យបានល្អថែមទៀតផងដែរ។

បើតាមលោកវេជ្ជៈបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា «ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងខេត្តធូរស្រាលហើយតែដោយសាមានការផ្ទុះជំងឺនេះ នៅក្រុមហ៊ុនកាត់តរូបភាពស្ថិតភូមិមេភ្លើង សង្កាត់ស្វាយរៀង ហក់ឡើងវិញដោយរកឃើញការឆ្លងកូវីដ១៩ ចំនួន៣០នាក់ កាលពីម្សិលមិញ ក្នុងចំណោម៣០នេះ គឺរកឃើញបុគ្គលិក ក្រុមហ៊ុនកាត់តរូបភាពចំនួន ១៥នាក់។ មូលហេតុដែលនាំឱ្យឆ្លងច្រើន ដោយបុគ្គលិកធ្វើការងារនៅក្នុងបន្ទប់ម៉ាសុីនត្រជាក់បិទជិត»។

បើតាមរបាយការណ៍របស់សាលាសង្កាត់ស្វាយរៀង បានឱ្យដឹងថា កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ មានករណីផ្ទុះជំងឺកូវីដ១៩ នៅក្រុមហ៊ុនកាត់តរូបភាព M.M production ស្ថិតនៅក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយមានបុគ្គលិកចំនួន២នាក់ រស់នៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់មានវិជ្ជមានកូវីដ១៩ ក្រោយពីការក្រុមការងារសួរព័ត៌មាន បុគ្គលិកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងក្រុមហ៊ុនបុគ្គលិកសរុបចំនួន ៦៣នាក់ស្រី ២១នាក់ទាំងសន្តិសុខ និងអ្នកអនាម័យការវាយតម្លៃរបស់មន្ត្រីជំនាញត្រូវយកសំណាកទាំងអស់គ្នា សរុប៦១នាក់ ស្រី២០នាក់ ក្រោយពីយកសំណាកលទ្ធផលរកឃើញវិជ្ជមាន ចំនួន១៥នាក់ ស្រី៨នាក់ ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យបាវិត។

ចំណែកអ្នកអវិជ្ជមាន ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងក្រុមហ៊ុនរង់ចាំលទ្ធផលពីប៉ាស្ទ័រចំនួន ៤៦នាក់។ សូមបញ្ជាក់ថា ទិដ្ឋភាពជារួមនៅតាមទីប្រជុំជននានាក្នុងខេត្តស្វាយរៀង នាពេលបច្ចុប្បន្ននេះ គឺមានការប្រកបរបររកស៊ីទទួល ទានជាធម្មតា ហើយក្នុងនោះប្រជាពលរដ្ឋបានអនុវត្តនូវវិធានការសុខាភិបាលដូចជាពាក់ម៉ាស់ បាញ់អាល់កុល រក្សាគម្លាត ដោយរៀនរស់តាមបែបគន្លងថ្មីនៃបរិបទជំងឺកូវីដ១៩៕