(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជួបស្វាគមន៍ក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Alasdair Scott សេដ្ឋវិទូជាន់ខ្ពស់ និងជាប្រធានក្រុមបេសកកម្ម ពិគ្រោះយោបល់មាត្រា IV សម្រាប់កម្ពុជាតាមរយៈប្រព័ន្ធអនឡាញ។

លោក Alasdair Scott បានជម្រាបជូនពីគោលបំណងនៃការបំពេញបេសកកម្មរយៈពេល២ សប្តាហ៍នេះ គឺចាប់ពីថ្ងៃទី១៣-២៧ ខែកញ្ញា ឆ្នាំ២០២១ និងបានថ្លែងការកោតសរសើរពីវិធានការរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា ក្នុងការកាត់បន្ថយឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ជា ចាន់តូ បានជម្រាបជូនពី ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងវិធានការគាំទ្រសង្គម និងសុខាភិបាលដែលត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព។

លោកទេសាភិបាលបានលើកឡើងពី ការគ្រប់គ្រងសម្ពាធអតិផរណា ដោយកម្ពុជារក្សាបានក្នុងកម្រិតទាបជាង៣% ជាមួយស្ថិរភាពអត្រាប្តូរប្រាក់ (ប្រែប្រួលទាបជាង ២%)។ កម្ពុជាក៏បានរក្សាកម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលអាចធានាការនាំចេញទំនិញនិងសេវាប្រមាណ ១០ខែ ទន្ទឹមនេះប្រព័ន្ធធនាគារក៏បានរក្សាភាពធន់ និងបានរួមចំណែក ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានជួយ ដល់វិស័យដែលទទួលរងផលប៉ះពាល់ និងប្រជាជនងាយរងគ្រោះ។

ឆ្លៀតក្នុងឱកាសនោះលោក ជា ចាន់តូ បានវាយតម្លៃខ្ពស់ ចំពោះជំនួយបច្ចេកទេសរបស់ IMF ជាពិសេសវត្តមាន ការិយាល័យតំណាងរបស់ IMF នៅកម្ពុជា និងជំនាញការ IMF នៅធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកគាំទ្រការរៀបចំអនុវត្តគោលនយោបាយនានា ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស។

សូមជម្រាបថា បេសកកម្មពិគ្រោះយោបល់មាត្រា IV ជាបេសកកម្មរបស់ IMF ដែលត្រូវបានធ្វើឡើងជាប្រចាំឆ្នាំ នៅគ្រប់បណ្តាប្រទេសជាសមាជិក ក្នុងគោលបំណងតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលើកជាអនុសាសន៍គោលនយោបាយសម្រាប់អនុវត្តសំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច៕